(ភ្នំពេញ)៖ ក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ប្រារព្ធអង្គមីទ្ទីង អបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការសម្រេចបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរយៈពេលជាង ៤៦ឆ្នាំមកនេះ គឺអាស្រ័យដោយមូលហេតុធំៗ ចំនួន៦។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ការសម្រេចបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរយៈពេលជាង ៤៦ឆ្នាំមកនេះ គឺអាស្រ័យដោយមូលហេតុធំៗ ដូចខាងក្រោម៖
*១៖ គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព
*២៖ គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់ និងជឿជាក់មកលើគណបក្ស
*៣៖ គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ម៉ត់ចត់
*៤៖ គណបក្សមានជួរមន្ត្រីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌
*៥៖ គណបក្សមានការគិតគូរយ៉ាងម៉ត់ចត់ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន
*៦៖ គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ឥតរង្គោះរង្គើរ។
បើតាមប្រសាសន៍សម្តេចតេជោ មូលហេតុទាំងនេះ មានសារៈសំខាន់បំផុតសម្រាប់ការដឹកនាំរបស់គណបក្សតទៅមុខទៀត ដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាសេចក្តីប្រាថ្នារបស់ប្រជាជន៕