(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋា ភិបា ល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាព ទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ណេប សាមុត រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ, លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, លោក លោកស្រី សមាជិកក្រុមការងារ តំណាង អាជ្ញាធរជាតិសំបូរព្រៃគុក តំណាងក្រុម ប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ ពាក់ព័ន្ធមួយចំនួនទៀត។
គម្រោងនេះ មានគោលបំណងអភិវឌ្ឍប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាតំបន់ទេសចរណ៍គំរូ និង ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្ត នៅគោលដៅអន្តរខេត្តនេះមុននឹងទៅដល់ខេត្តជុំវិញ និងជាគំរូនៃការអភិវឌ្ឍមូលដ្ឋានផ្អែកលើទេសចរណ៍ផ្សាភ្ជាប់ ជាមួយការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ និងរួមចំណែកដល់ការ អភិរក្សធនធានវប្បធម៌និងបេតិកភណ្ឌតាមរយៈវិស័យទេសចរណ៍ ព្រមទាំងមានគោលដៅចម្បងចំនួន៦ រួមមាន ១៖ ការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍អាទិភាពក្នុងប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ, ២៖ ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍, ៣៖ ការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច, ៤៖ ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍, ៥៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការពង្រឹងការតភ្ជាប់គាំទ្រ វិស័យ ទេសចរណ៍ និង៦៖ ការរៀបចំជាយន្តការអនុវត្តដោយផ្អែកលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលបានសិក្សារៀបចំ ព្រមទាំងបានណែនាំដល់ក្រុមការងារក្នុងការរៀបចំគម្រោងខាងលើ ដោយផ្ដោតសំខាន់ លើផលិតផលទេសចរណ៍ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ថែមទាំង ត្រូវគិតគូរពីការវិនិយោគរកប្រាក់ចំណូល (Commercial) ដើម្បីបែងចែកផលដែលទទួលបានដល់ប្រជាពលរដ្ឋសហគមន៍ ក្នុងគោលដៅ ធានានូវបរិយាបន្ន និងចីរភាពនៃការអភិវឌ្ឍ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់នូវអនុសាសន៍ជាទស្សនទាននៃការកែសម្រួលឡើងវិញដោយផ្ដោតលើចំណុចស្នូលគឺ ប្រាសាទ សំបូរព្រៃគុក រីឯផែនការរៀបចំតំបន់ជុំវិញត្រូវគិតគូរអាទិភាពចំណុចដែលហុចផលរហ័ស និងប្រើប្រាស់ថវិកាតិច ហើយអាទិភាពបន្ទាប់ដែលជាផែនការរយៈពេលវែងដែលត្រូវសិក្សាឱ្យបានលម្អិត ព្រមទាំងរកដៃគូនិងវិស័យឯកជនចូលរួមវិនិយោគផងដែរ។
ជាមួយគ្នានេះ ក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាព ទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ត្រូវគិតគូរ កែសម្រួល Brand Name ឬ Motto ដែលមានលក្ខណៈពិសេសនិងសមស្របសម្រាប់យុទ្ធនាការផ្សព្វផ្សាយ, មាតិកា(Content), យន្តការផ្សព្វផ្សាយ ព្រមទាំងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំគម្រោងអភិវឌ្ឍជំនាញទេសចរណ៍ទៅតាមកម្រិត ជាពិសេសការបណ្តុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច និងម្ហូបអាហារ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏បានផ្ដល់នូវការណែនាំដល់រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិសំបូរព្រៃគុក ត្រូវស្នើសុំកិច្ចសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធដើម្បីកសាងមូលដ្ឋាននៃភាពទាក់ទាញទេស ចរណ៍ដោយផ្ដោតសំខាន់ជារួមលើ ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី និង អ៊ិនធឺណិត ដែលជាតម្រូវការចាំបាច់របស់ភ្ញៀវទេសចរណ៍មិនថាភ្ញៀវជាតិ ឬអន្តរជាតិ។
ទន្ទឹមនេះ ក៏ត្រូវគិតគូររៀបចំមជ្ឈមណ្ឌលព័ត៌មាន(Information Center) សម្រាប់ បង្ហាញវីដេអូ ពីប្រវត្តិសំខាន់ៗទាក់ទងនឹង ប្រវត្តិសាស្ត្រ ចេនឡានិងប្រាសាទក៏ដូចជា តំបន់ជុំវិញ ជូនភ្ញៀវទេសចរ មុននឹងចូលទស្សនាប្រាសាទ និងរៀបចំកន្លែងចំណត និងសេវាផ្សេងៗទៀតឱ្យបានល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសនៃកិច្ចប្រជុំនេះផងដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំបន្ថែមដល់ក្រុមការងារ ពីការរៀបចំយន្តការប្រតិបត្តិ ដើម្បី អនុវត្តគម្រោងខាងលើ និងការរៀបចំនូវវិធានការគន្លឹះជាចង្កោមមុនក្រោយនិងផែនការសកម្មភាព ដើម្បីឲ្យទទួលបានលទ្ធផលជាក់ស្ដែង៕