(កណ្តាល)៖ មកដល់ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ តាយាយ២នាក់ប្តីប្រពន្ធ ដែលជាម្ចាស់ទូកដ នៅពុំទាន់រកឃើញសាកសពនៅឡើយទេ ក្រោយហេតុការណ៍លិចទូកដរចូលក្នុងទន្លេ ខណៈកំពុងសម្រានលង់លក់ក្នុងដំណេក ដោយមិនដឹងខ្លួន បន្ទាប់ពីទូកចម្លងរបស់គាត់បានលិចក្នុងពេលចតក្បែរច្រាំង កាលពីរំលងអធ្រាតយប់មិញនេះ។

នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ហេតុការណ៍លិចទូកដរនេះ បានកើតឡើងកាលពីអំឡុងរំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៧ ខែមិថុនា ២០២៥ នៅចំណុចកំពង់ចម្លងកោះមាស ស្ថិតក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។ តាយាយដែលបាត់ខ្លួនជាប្តីប្រពន្ធ និងជាថៅកែទូកដខាងលើ ដោយប្តីឈ្មោះ ភោគ ផុន អាយុ៧៥ឆ្នាំ និងប្រពន្ធឈ្មោះ ព្រំ រ៉ុង អាយុ៧៣ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុ។

ប្រភពដដែលបានបន្តថា កាលពីវេលាម៉ោងប្រមាណ៣រំលងអធ្រាតកន្លងទៅ មានប្រជាពលរដ្ឋដែលដឹកបន្លែយកទៅលក់នៅភ្នំពេញ ធ្វើដំណើរដល់កំពង់ចម្លងបម្រុងឆ្លងទៅត្រើយម្ខាង ស្រាប់តែអត់ឃើញទុកដរ ឃើញតែប៊ីដុង និងធុងសាំងអណ្តែតក្បែរមាត់ច្រាំង ឆ្ងល់ក៏ទូរស័ព្ទសួរគ្នា និងរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចចុះមកពិនិត្យទើបដឹងថា ទូកដនោះបានលិច ក៏នាំគ្នាចចុះរាវរកតែរកមិនឃើញ។

លុះភ្លឺឡើងក៏យកត្រាក់ទ័រជាច្រើនគ្រឿងអូសទូកដរនោះបង្ហើបចេញពីទឹក តែអូសបង្ហើបបានតែបន្តិចប៉ុណ្ណោះ រួចក៏នាំគ្នាចុះមុជរាវរកទៀតពេញមួយព្រឹករាវរកមិនឃើញ ទើបស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងទ័ពពិសេស៩១១ ដើម្បីជួយហើយក្រោយពីកម្លាំងមុជទឹកកងទ័ពពិសេស ជួយមុជរាវរកពេញមួយល្ងាចទៀតក៏នៅតែរកមិនឃើញ។

ប្រជាពលរដ្ឋដែលរស់នៅលើកោះមាស បានប្រាប់ដែរថា ទូកដរបស់តាផុន យាយរ៉ុង មានសភាពចាស់ និងធ្លុះបាតជាអន្លើៗ ហើយម្ចាស់ក៏បានដឹងដែរ ប៉ុន្តែរកពេលជួសជុលមិនបាន ក៏ចេះតែបន្តធ្វើអាជីវកម្មចម្លងរាល់ថ្ងៃ ដោយបើកបណ្តើរ ប្រើម៉ាស៊ីនបូមទឹកដែលលិចចូលបណ្តើរ ហើយកាលពីយប់ថ្ងៃកើតហេតុនោះ ក្រោយពីកម្មករបើកទូកបូមទឹករួចត្រឡប់ទៅផ្ទះវិញ លោកតា លោកយាយ ក៏ឡើងទៅសម្រាកនៅក្នុងបន្ទាប់បើកបរលើដំបូលតាមទម្លាប់ ហើយក៏ជួបឧបទវហេតុលិចទូកដបណ្តាលឲ្យបាត់ខ្លួនតែម្តងទៅ៕