(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកវរសេនីយ៍ឯក នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យរកជាតិស្រវឹង ផ្ទុកសារធាតុញៀនលើអ្នកបើកបរ និងត្រួតពិនិត្យបច្ចេកទេសយានយន្តធន់ធំ។
ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២២០-២២១ ស្ថិតនៅ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ដែលបង្កឡើងដោយការធ្វេសប្រហែស មានភាពមិនប្រក្រតីលើអ្នកបើកបរ និងភាពខ្លះខាតបច្ចេកទេសយានយន្តខាងលើ។
ចុះរឹតបន្តឹងនាពេលនេះ គឺដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងបំផុសស្មារតីចូលរួមទប់ស្កាត់ទាំងអស់គ្នា ទាំងសមត្ថកិច្ច ទាំងអ្នកធ្វើដំណើរតាមដងផ្លូវត្រូវចូលរួមអនុវត្តច្បាប់ គោរពច្បាប់ ស្វែងយល់ពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ កុំភ្លេចពាក់មួកសុវត្តិភាព កុំបើកបរលើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសហាមដាច់ខាតការសេពគ្រឿងញៀន ហើយយើងត្រូវចាំថាយើងមានក្រុមគ្រួសារ កំពុងតែរង់ចាំនៅផ្ទះ។
ក្នុងប្រតិបត្តិការនេះទៀតសោត អ្នកបើកបរគ្រប់រូបត្រូវចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពោលគឺមិនត្រូវបើកបរបញ្ច្រាស់ទិសចរាចរណ៍ គោរពភ្លើងសញ្ញា-ផ្លាកសញ្ញាចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់មិនបើកបរស្ថិតក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹង-គ្រឿងញៀន ត្រូវប្រុងប្រយ័ត្នខ្ពស់គ្រប់ផ្លូវបំបែក ផ្លូវប្រសព្វការឈប់ចតឲ្យបានត្រឹមត្រូវមានសណ្តាប់ធ្នាប់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុស្រលាញ់ជីវិតអ្នក ស្រលាញ់ក្រុមគ្រួសារអ្នក ស្រលាញ់ទ្រព្យសម្បត្តិអ្នក និងទ្រព្យសម្បត្តិសាធារណៈ យើងទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសុខសប្បាយទាំងអស់គ្នា។
នាយការិយាល័យ បានឲ្យដឹងទៀតថា ក្រៅពីចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លោកក៏ទទួលបានបទបញ្ជាបែងចែកកម្លាំងប្រចាំការនៅការិយាល័យ តាមគោលដៅសំខាន់ៗក្នុងខេត្ត និងកម្លាំងល្បាតចល័ត ដើម្បីសម្របសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ដែលមកបំពេញភារកិច្ច និងកម្សាន្តលេងខេត្តព្រះសីហនុ កុំឲ្យមានការកកស្ទះចរាចរណ៍។ កិច្ចការងារនេះ គឺកម្លាំងនគរបាលធ្វើការយ៉ាងមមាញឹកយប់ថ្ងៃជាប្រចាំ ដោយមិនដកដៃនោះ ជាមួយគ្នានេះ យោងតាមរបាយការណ៍ឃើញចំនួនអ្នកគ្រោះថ្នាក់ រងរបួសធ្ងន់ស្រាល និងស្លាប់ មានការថយចុះជាងមុនផងដែរ។
លោកសំណូមពរដល់អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា បើបងប្អូនគោរពបានត្រឹមត្រូវគ្មាននគរបាលឯណា ទៅផាកពិន័យបងប្អូនបានឡើយ សូមគោរពច្បាប់មួយនេះឲ្យបានល្អ ជាជាងខ្លាចនគរបាលចរាចរណ៍៕