(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ចំនួនអ្នកខ្ចីឥណទានដែលជា សហគ្រាសធុនមីក្រូតូច និងមធ្យម កើនឡើងដល់ ៨២០,៩៨៧នាក់ គិតជាទឹកប្រាក់ប្រមាណ ៨៥,៣៣០ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២១,៣ ប៊ីលានដុល្លារអាម៉េរិក) ដែលមានសមាមាត្រស្មើនឹង ៣៦,៣% នៃឥណទានសរុបនៃប្រព័ន្ធធនាគារ។

ក្នុងឱកាសអញ្ជើញជា អធិបតីពិធីសំណេះសំណាល និងពិសារភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅកោះពេជ្រ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងបន្ថែមថា ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ សម្រួលដល់ការបើកគណនីសន្សំ និង ផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូតូច និងមធ្យម និង បុគ្គលស្វ័យនិយោជន៍សម្រាប់ប្រតិបត្តិការអាជីវកម្មផងដែរ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «ចំនួនអ្នកខ្ចីឥណទានដែលជាសហគ្រាសធុនមីក្រូ, តូច និង មធ្យម បានកើនឡើងដល់៨២០,៩៨៧នាក់ គិតជាទឹកប្រាក់ប្រមាណ ៨៥,៣៣០ប៊ីលានរៀល ស្មើនឹងប្រមាណ ២១,៣ ប៊ីលានដុល្លារ ដែលមានសមាមាត្រស្មើនឹង៣៦,៣% នៃឥណទានសរុបនៃប្រព័ន្ធធនាគារ»

សហគ្រាសមីក្រូធុនមីក្រូតូច និងមធ្យម បាននឹង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ផ្គត់ផ្គង់ និង ផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍខ្លួនឲ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ។ ជាពិសេស គឺរបត់នៃការប្រែប្រួលលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និង ការវិវត្តដ៏លឿននៃបច្ចេកវិទ្យា។ នេះបើតាមការឲ្យដឹងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំយន្តការគាំទ្រផ្សេងៗដូចជា៖ សហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ និង ស្ថាប័នគាំទ្រហេដ្ឋារចនាសម្ព័ន្ធគុណភាព ដើម្បីជួយឲ្យសហគ្រាសធុនមីក្រូតូច និងមធ្យម ធ្វើទំនើបកម្ម ចាប់យកបរិវត្តិកម្មឌីជីថល បង្កើនស្តង់ដាគុណភាព សោភណភាព និងបន្តរីកចម្រើន៕