(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹង កម្ពុជាក៏កំពុងខិតខំអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបន្តចរចាកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទីផ្សារ សម្រាប់ផលិតផលកម្ពុជា ដោយបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន នៅទូទាំងប្រទេស ដើម្បីគាំទ្រឱ្យសហគ្រាសធុនមីក្រូ, តូច និងមធ្យម អាចផ្សារភ្ជាប់ទៅខ្សែច្រវាក់តម្លៃតំបន់ និងសកល។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតី អញ្ជើញជួបសំណេះសំណាល និងពិសារភោជនាហាសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច-មធ្យម និងសិប្បកម្មកម្ពុជា នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានរៀបចំយន្ដការគាំទ្រផ្សេងៗដូចជា សហគ្រិនខ្មែរ, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ និងស្ថាប័នគាំទ្រហេដ្ឋារចនាសម្ព័ន្ធគុណភាព ដើម្បីជួយឲ្យសហគ្រាសធុនមីក្រូតូច និងមធ្យម ធ្វើទំនើបកម្មចាប់ បរិវត្តកម្មឌីជីថល និងបង្កើនស្ដង់ដាគុណភាព, សោភ័ណ្ឌភាព ព្រមទាំងបន្ដការរីកចម្រើន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត «កម្ពុជាក៏កំពុងខិតខំអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបន្តចរចាកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទីផ្សារ សម្រាប់ផលិតផលកម្ពុជា ដោយបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននៅទូទាំងប្រទេស ដើម្បីគាំទ្រឱ្យសហគ្រាសធុនមីក្រូ, តូច និងមធ្យម អាចផ្សារភ្ជាប់ទៅខ្សែច្រវាក់តម្លៃតំបន់ និងសកល, បណ្តាញបោះដុំតាមផ្សារ ឬ បណ្តាញចែកចាយផលិតផល តាមសណ្ឋាគារ និង ភោជនីយដ្ឋានសំខាន់ៗ រួមទាំងថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត (e-commerce) ផងដែរ»។
សម្តេចមហាបវរធិបតីបានថ្លែងបន្ដថា យន្តការ និងការគាំទ្រទាំងនេះ មិនមែននៅតែលើក្រដាសនោះទេ តែពិតជាបានផ្តល់ដំណោះស្រាយជាក់ស្តែង ដែលនាំឲ្យសហគ្រាសធុនមីក្រូ តូច និង មធ្យមមួយចំនួនដែលពីមុនធ្លាប់តែនៅក្រៅឆាក ឱ្យក្លាយជាតួអង្គសំខាន់នៅលើឆាកសេដ្ឋកិច្ចកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ដូច្នេះសាររបស់ខ្ញុំ សម្រាប់បងប្អូនជាម្ចាស់សហគ្រាសធុនមីក្រូតូច និងមធ្យម គឺ «រាជរដ្ឋាភិបាលនៅជាមួយបងប្អូនជានិច្ច»។ ក្នុងនោះខ្ញុំក៏មានសុដ្ឋិនិយម និងសង្ឃឹមថា ថ្នាក់ដឹកនាំ សមាជិក, សមាជិកាទាំងអស់ នៃសមាគមមូលនិធិសម្ដេតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសប្បកម្មកម្ពុជា ព្រមទាំងបន្ដជំរុញកិច្ចសហប្រតិបត្តិការណ៍ឲ្យកាន់តែបុរេសកម្ម រស់រវើកក្នុងការពង្រឹងប្រសិទ្ធិភាពនៃដំណើរការអភិវឌ្ឍន៍សហគ្រាសធុនតូច ធុនមីក្រូ និងមធ្យម ប្រកបដោយចរីភាព និងបរិយាបន្ន»៕