(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថាការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ បានរួមចំណែកសម្រួលដល់ការធ្វើប្រតិបត្តិការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង និងស្តង់ដាខេអេចឃ្យូអរ (KHQR) ដែលគាំទ្រ និងជំរុញការរីកចម្រើននៃអាជីវកម្មខ្នាតតូច និងអនឡាញ។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាស សម្ដេច អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិសារភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ចំពោះមុខអង្គពិធី, សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូប និងមធ្យម, ក្រសួង ស្ថាប័ន និងវិស័យឯកជន រួមទាំងគ្រឹះស្ថានហរិញ្ញវត្ថុ ក៏បានរៀបចំយន្តការជាក់ស្តែង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និង គាំទ្រដោយផ្ទាល់ដល់សហគ្រាសក្នុងស្រុក។ បរិវត្តកម្មឌីជីថលបានសម្រួលដល់ការចុះបញ្ជីពាណិជ្ជកមុ្ម, ចុះបញ្ជីពន្ធដារ, ការស្នើសុំប្រកាសបង្កើត និងដំណើរការអាជីវកម្មនានា ដោយកាត់បន្ថយពេលវេលា និង ការចំណាយ។
ការណ៍នេះ សម្ដេចនាយករដ្ឋមន្ត្រី បានគូសរំលេចថា៖ «ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ បានរួមចំណែកសម្រួលដល់ការធ្វើប្រតិបត្តិការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង និងស្តង់ដាខេអេចឃ្យូអរ (KHQR) ដែលគាំទ្រ និងជំរុញការរីកចម្រើននៃអាជីវកម្មខ្នាតតូច និងអនឡាញ»។
ជាមួយគ្នានេះ សម្ដេច បានមានប្រសាសន៍ថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបើកគណនី និងផ្តល់ជា QR Code ប្រមាណជាង ១,៥លាននាក់ សម្រាប់បុគ្គលស្វ័យនិយោជន៍។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងបន្តថា ប្រព័ន្ធទូទាត់ក៏ត្រូវបានតភ្ជាប់ជាមួយប្រទេសនានា ក្នុងតំបន់ដូចជា៖ ថៃ, ម៉ាឡេស៊ី, វៀតណាម, ឡាវ ជាដើម ដែលការតភ្ជាប់នេះអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និង មធ្យម ទទួលបានការទូទាត់របស់ភ្ញៀវទេសចរ ដោយងាយស្រួលផងដែរ។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ធនាគារជាតិក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុ សម្រួលដល់ការបើកគណនីប្រាក់សន្សំ និងផ្ដល់សេវាហរិញ្ញវត្ថុជួយសហគ្រាសធនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ សម្រាប់ប្រតិបត្តិការអាជីវកម្ម។ ជាក់ស្ដែងចំនួនអ្នកខ្ចីឥណទានដែលជាសហគ្រាសធនមីក្រូ តូច និងមធ្យម បានកើនឡើងដល់ជាង ៨២ម៉ឺននាក់ គិតជាទឹកប្រាក់ប្រមាណ ៨៥,៣៣០ប៊ីលានរៀល ស្មើនឹង២១,៣ប៊ីលានដុល្លារ ដែលមានសមាមាត្រស្មើនឹង ៣៦,៣% នៃឥណទានសរុបនៃប្រព័ន្ធធនាគារ។
ជាថ្មីម្ដងទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានរៀបចំយន្តការគាំទ្រផ្សេងៗដូចជា សហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ និងស្ថាប័នគាំទ្រហេដ្ឋារចនាសម្ព័ន្ធ គុណភាព ដើម្បីជួយឱ្យសហគ្រាសធនមីក្រូ តូច និងមធ្យម ធ្វើទំនើបកម្មចាប់យកបរិវត្តកម្មឌីជីថលជាគោល ដើម្បីបង្កើនស្ដង់ដារគុណភាព សោភ័ណភាព និងបន្តរីកចម្រើន៕