(ពោធិ៍សាត់)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីដំណើរការវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤០នាក់ មកពីអនុវិទ្យាល័យប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋម-អនុវិទ្យាល ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ដោយបានការចូលរួមពី លោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍ គណ:កម្មាធិការសាខា តំណាងលោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តពោធិ៍សាត់ សមាជិកគណៈកម្មាធិការសាខា អនុសាខា លោកនាយក និងមន្រ្តីក្រុមប្រតិបត្តិសាខា ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប មួយចំនួនទៀត។
លោក ឃុន សាម៉េង នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គទី៤ ដែលអ្នកស្ម័គ្រចិត្ត ទទួលបានការបណ្តុះបណ្តាលដូចជា៖ វគ្គមូលដ្ឋានគ្រឹះ ស្តីពីប្រវត្តិចលនាអន្តរជាតិ និងវិជ្ជាសង្គ្រោះបឋម និងវគ្គបច្ចេកទេសកសិកម្មទំនើប។ ចំពោះវគ្គបណ្តុះបណ្តាល ស្តីពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុប្រកបដោយបរិយាប័ន្ន មានសិក្ខាកាម៣២នាក់ ផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន បរិយាប័ន្នពិការភាព លើកកម្ពស់សិទ្ធជនពិការ សហគមន៍មានភាពធន់ទៅនឹងអាកាសធាតុ មានសុខភាពល្អ។ ក្រោយបញ្ចប់វគ្គ ដែលមានរយៈពេល២ថ្ងៃ សិក្ខាកាមយល់ដឹងជាមធ្យម៩៦%។
លោកស្រី ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែឧបត្ថម្ភគាំទ្រ ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា នាំឱ្យវិស័យមនុស្សធម៌ ទទួលបានកិត្តិនាមល្បីឈ្មោះទាំងផ្ទៃប្រទេស និងលើឆាកអន្តរជាតិ ជាមាតាមនុស្សធម៌ ដូចមានភស្តុតាំង ក្នុងភូមិប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញនេះស្រាប់។ លោកស្រីបន្តថា កន្លងមកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគ្រប់ផ្ទះ៦២៨ខ្នងផ្ទះ ជូនយោធិនពិការ៦២៨នាក់ ដោយសហការជាមួយរាជរដ្ឋាភិបាល ផ្តល់ដីសម្បទានសម្រាប់សាងសង់លំនៅដ្ឋាន ធ្វើការដាំដុះ និងបានសាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
លោកស្រី ពុំ ចន្ទីនី សូមថ្លែងអំណរគុណ ចំពោះលោក លោកស្រី ជាសមាជិក សមាជិកាសាខាខេត្តពោធិ៍សាត់ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាល ស្តី ពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុប្រកបដោយបរិយាប័ន្ន ដែលមានរយៈពេល២ថ្ងៃ រហូតទទួលបានថ្លែផ្កាគួជាទីកត់សំគាល់។ លោកស្រី សូមឱ្យសាខាទាំងអស់ ត្រូវបន្តបណ្តុះបណ្តាល ជូនយុវជន និងអ្នកស្ម័គ្រចិត្តនៅសាខានីមួយៗ តាមផែនការដែលបានគ្រោងទុក ឱ្យបានដូចភ្លៀងរលឹម ដើម្បីបង្កើននិរន្តរភាព កិច្ចគាំពារសង្គម ការលើកកម្ពស់សិទ្ធិជនមានពិការភាព ការបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុ និងអត្ថប្រយោជន៍ នៃការដាំកូនឈើនៅតាមសាលារៀន តាមសហគមន៍ ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។
ជាមួយគ្នានោះ លោកស្រីសូមវាយតម្លៃខ្ពស់ ចំពោះក្មួយៗយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលមានស្មារតីភ្ញាក់រលឹក ផ្តល់តម្លៃលើការងារមនុស្សធម៌ និងការងារសង្គមយ៉ាងសស្រាក់សស្រាំ ស្របតាមគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា និងកម្មវិធីនយោបាយអភិវឌ្ឍយុវជន របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលបានផ្តោតលើការអភិវឌ្ឍយុវជន ឱ្យមានកាយសម្បទា ចំណេះដឹង ចំណេះធ្វើ សីលធម៌រស់នៅល្អ ចេះរួមរស់ ជាមួយគ្នាដោយសន្តិភាព និងសុខដុម ព្រមទាំងមានស្មារតីស្នេហាជាតិ ស្នេហាប្រជាជន ប្រកបដោយជំនឿជឿជាក់លើខ្លួនឯង ភាពជាអ្នកដឹកនាំ និងលើកកម្ពស់ការយល់ដឹងទូលំទូលាយអំពីសង្គម។
លោកស្រី ពុំ ចន្ទីនី ថ្លែងទៀតថា «ជាការពិតណាស់ថា ក្មួយៗយុវជនកាកបាទក្រហម បាននិងកំពុងបំពេញបន្ថែមនូវគុណតម្លៃឱ្យកាកបាទក្រហមកម្ពុជា ក្នុងការអនុវត្តតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ និងបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការជួយដល់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រង ឆ្លើយតបគ្រោះមហន្តរាយ ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា ព្រមទាំងបានធ្វើសកម្មភាពផ្សេងៗជាច្រើនទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ»។
នៅក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី និងលោក ហៀម ឃួន ក៏បានផ្តល់ជូននូវសម្ភារៈសង្គ្រោះបឋម វិទ្យុទាក់ទង អាវកាក់ និងចូលរួមដាំដើមឈើប្រមាណជាង១០០ដើម លើផ្ទៃដីកាកបាទក្រហមប្រមាណ ទំហំ៥ហិកតា រួមមានដើមធ្នង់ ដើមច្រេស និងដើមក្ងោក នាពេលនោះផងដែរ៕