(ពោធិ៍សាត់)៖ តំណាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងតំណាងលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គឺលោក អូន ហេមរិទ្ធ អគ្គនាយករងអគ្គិសនីកម្ពុជា ចុះសួរសុខទុក្ខ ជាមួយមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើជើងលេខ៤២ និងវរៈសេនាតូចលេខ៧០២ ស្ថិតក្នុងខេត្តពោធិ៍សាត់ ជាលើកទី២។
លោក អូន ហេមរិទ្ធ អគ្គនាយករងអគ្គិសនីកម្ពុជា និងជាអ្នកដឹកនាំក្រុមការងារចុះសួរសុខទុក្ខផ្ទាល់ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងថ្នាក់ដឹកនាំនិយោជិតកម្មករទាំងអស់ ដែលជានិច្ចកាលលោកតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងរបស់យើង នៅគ្រប់កាលៈទេសៈទាំងអស់ ដោយបង្ហាញអំពីការសាមគ្គីភាព រវាងសមរភូមិក្រោយ និងសមរភូមិមុខ។
លោក អូន ហេមរិទ្ធ ក៏បានប្រគល់អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួន ជូនដល់កងពលតូចថ្មើជើងលេខ៤២ និងវរៈសេនាតូចលេខ៧០២ ដែលជាការឧបត្ថម្ភរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងអគ្គិសនីកម្ពុជា ព្រមទាំងថវិកាចំនួន ៨០០ដុល្លារបន្ថែមទៀត ពីលោក កែវ វីរៈ តំណាងរាស្ត្រខេត្តពោធិសាត់។
សូមបញ្ជាក់ថា គ្រឿងឧបភោគ-បរិភោគ និងថវិកាជូនដល់កងពលតូចថ្មើជើងលេខ៤២ មានចំនួន ២៦,៩៨០ដុល្លារ និងគ្រឿងឧបភោគ-បរិភោគ និងថវិកាជូនដល់វរៈសេនាតូចលេខ៧០២ មានចំនួន ៧,៨២៥ដុល្លារ សរុបរួម ៣៤,៨០៥ដុល្លារ៕