(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសាកលវិទ្យាល័យភូគព្ភសាស្ត្រទីក្រុងប៉េកាំង (China University of Geosciences Beijing) នៅទីក្រុងប៉េកាំង ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ LIN SHANYUAN អនុលេខាបក្សសាកលវិទ្យាល័យអមដោយសហការីចំនួន៤ រូប ដែលមកទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សមាគមនិស្សិត។

ដំណើរទស្សនកិច្ចនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។

លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម ACSC និងជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ សមាគមនិស្សិតបានជួយសម្របសម្រួលស្នើសុំជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា, លោក អ៊ឹង អៀង រដ្ឋលេខាធិការ តំណាងឱ្យលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, តំណាងក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការផ្តល់អាហារូបករណ៍លើជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ, វិស្វកររ៉ែ, ភូគ្ពម្ភសាស្ត្រ, ប្រេងកាត,បរិស្ថាន, សំណង់ស៊ីវិល និងរចនាពេជ្រ និងការផ្លាស់ប្តូរកិច្ចសហការជាមួយគ្នា ក្នុងការបណ្តុះបណ្តាលគ្រូ និងមន្ត្រីរាជការកម្ពុជា រយៈពេលវែង និងខ្លី លើជំនាញរ៉ែ ទឹក និងបរិស្ថាន ព្រមទាំងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអាហារូបករណ៍ជូននិស្សិតសិក្សាជំនួយភូគព្ភសាស្ត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យា និង សិស្សានុសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ផងដែរ។

ជាមួយគ្នានេះដែរ លោក អ៊ុំ វុទ្ធទី បញ្ជាក់ថាដំណើរទស្សនកិច្ចនេះ នឹងផ្តល់ផ្លែផ្កាជាច្រើន តាមរយៈការសហការរវាងសាកលវិទ្យាល័យ ជាមួយសមាគម, សាកលវិទ្យាល័យ និងក្រសួងស្ថានប័ន ដែលបានអនុញ្ញាតឱ្យជួបពិភាក្សាការងារ ដើម្បីចូលរួមបណ្តុះបណ្តាលវិស័យរ៉ែ នៅកម្ពុជា។ ជំនាញភូគ្ពម្ភសាស្ត្រនៃសាកលវិទ្យាល័យនេះ ត្រូវបានទទួលស្គាល់ជាប់ចំណាប់លេខ១ ក្នុងទ្វីបអាស៊ី។ បច្ចុប្បន្ននេះ សាកលវិទ្យាភូគព្ភសាស្ត្រទីក្រុងប៉េកាំង មានអតីតនិស្សិត និងនិស្សិតកម្ពុជាទទួលបានអាហារូបករណ៍កំពុងសិក្សាមានចំនួន២០រូប ព្រមទាំងនិស្សិតកម្ពុជាទទួលបានអាហារូបករណ៍ ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងនៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នឹងមាននិស្សិតកម្ពុជាចំនួន ១០រូប បន្ថែមទៀត។

ក្នុងនាមស្ថាបនិកសមាគមនិស្សិត ACSC លោក អ៊ុំ វុទ្ធទី នឹងបន្តខិតខំទំនាក់ទំនងជាមួយបណ្តាសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ដើម្បីរួមចំណែកជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ដល់និស្សិត និងមន្ត្រីរាជការ នៅតាមវិស័យនានា ដើម្បីរួមចំណែកក្នុងអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ដ៏ឆ្នើមរបស់កម្ពុជា។

ទន្ទឹមគ្នានេះដែរ លោក អ៊ុំ វុទ្ធទី (吴天)ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាកិត្តិយសមាគមអតីតនិស្សិតសាកលវិទ្យាល័យ China University of Geosciences Beijing (CUGB)។ លោក អ៊ុំ វុទ្ធទី ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ CUGB នៅឆ្នាំ២០១៨ រីឯលោក Wen Jiabao អតីតនាយករដ្ឋមន្ត្រីចិន ជាអតីតនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ CUGB នៅឆ្នាំ១៩៦៨៕