(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយលោក Grand Master Professor RI YONG SON ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិ នៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានសម្តែងការសោកស្តាយចំពោះអវត្តមានរបស់ក្រុមកីឡាករតេក្វាន់-ដូ ITF ថៃ ដោយសារតែភាពតានតឹងផ្នែកនយោបាយរវាងប្រទេសទាំង២។

នាឱកាសនោះទេសរដ្ឋមន្រ្តី កែវ រ៉េមី បានស្វាគមន៍ និងថ្លែងអំណរគុណ Grand Master Professor RI YONG SON ដែលបានអញ្ជើញមកពីចម្ងាយ និងផ្តល់ជាកិត្តិយសចូលរួមក្នុងកម្មវិធីប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅនៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ។

ទេសរដ្ឋមន្រ្តី បានលើកឡើងថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតប្រជែងកីឡាប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសដទៃទៀត។

ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានថ្លែងអំណរគុណប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF របស់ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម ដែលបានអនុញ្ញាត និងបញ្ជូនកីឡាករ កីឡាការិនី ចូលរួមក្នុងព្រឹត្តិការណ៍នេះ។

បន្ថែមពីនេះ ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំង ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានផ្តល់ការគាំទ្រកីឡាតេក្វាន់-ដូ ITF ជាពិសេសកម្មវិធីប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២។

ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីកម្រិតអាស៊ីអាគ្នេយ៍នេះ អាចប្រព្រឹត្តទៅបាន គឺកើតចេញពីកត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕