(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេស តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។

ក្នុងព្រះរាជសារ បានសរសេរថា «សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំ មានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានអញ្ជើញបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់វីរកងទ័ព និងប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈម តាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ អំពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជូនដល់វីរកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការ នៅសមរភូមិជួរមុខ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា និងប្រជារាស្ត្រដែលបានជម្លៀសមកស្នាក់នៅទីសុវត្ថិភាព។ ខ្ញុំបានតាមដានជាប្រចាំនូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ខាងលើនេះ។

ខ្ញុំសូមកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិដ៏ឧត្តុងឧត្តម តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។

ខ្ញុំសូមសម្តែងនូវហឫទ័យគាំទ្រទាំងស្រុង និងមានជំនឿជឿជាក់យ៉ាងមុតមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ព្រះរាជាណាចក្រកម្ពុជា មានឯកភាពជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិយ៉ាងច្បាស់លាស់ និងរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ។

ខ្ញុំសូមប្រសិទ្ធពរជ័យ ជូនសម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ ជូនជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕