(សៀមរាប)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទ ​ការជំរុញការអភិវឌ្ឍ កែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ឱ្យមានភាពប្រទាក់ក្រឡា ​នឹងជំរុញឱ្យតំបន់​ជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

​លោក ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង​បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងការងារជួសជុលផ្លូវចំនួន២គម្រោង នៅខេត្តសៀមរាប និងខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

លោកបានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីឱ្យគ្រប់ ភូមិជនបទទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងក៏ជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់រាជរដ្ឋាភិបាល ដែលបានស្តារប្រទេសជាតិពីបាតដៃទទេ ឈានមកការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាក់ស្តែងការស្ថាបនាផ្លូវទាំងអស់នេះ គឺ ជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាពិតៗ។

​ឧត្តមសេនីយ៍ឯក លន់ សុធី នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ​បានឱ្យដឹងថា ទាក់ទងគម្រោងផ្លូវ ទាំងពីរខាងលើរួមមាន៖ ការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង ៧ ៥០០ ម៉ែត្រ, ទទឹង ៧ ម៉ែត្រ, និងសំណង់ សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំស្រែណូយ ស្រុកវ៉ារិន, លូប្រអប់មុខពីរចំនួន២ កន្លែង នៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប រួមជាមួយការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ មាន២កំណាត់ ប្រវែងសរុប ២ ៧៥០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, និងសំណង់ សិល្បការ្យផ្សេងៗ នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង សម្រាប់ការងារនេះ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានយកចិត្តទុកដាក់បំផុត មិនថាការថែទាំផ្លូវ ឬការងារស្ថាបនាផ្លូវនោះឡើយ។

ក្នុងការចុះពិនិត្យនេះ​ លោកជី ស៊ីថា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែង អនុវត្តសម្រេចតាមផែនការ ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ដែលនេះគឺជាការចូលរួមដ៏ធំធេង ជាមួយ រាជរដ្ឋាភិបាល លើការស្ថាបនាផ្លូវនូវជនបទ និងក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម៕