(មណ្ឌលគិរី-រតនគិរី)៖​ ដោយអនុវត្តតាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ និងទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ គោលការណ៍របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធសភាពការណ៍ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ផងដែរថា ក្រុមការងារចំពោះកិច្ចនេះមានភារកិច្ចសំខាន់ក្នុងការផ្សព្វផ្សាយសភាពការណ៍ថ្មីៗអំពីគោលនយោបាយ គោលការណ៍របស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងធ្វើការត្រួតពិនិត្យកម្លាំងត្រៀមបំរុង ចំនួន២កងអនុសេនាតូចក្នុង១ស្នងការ ព្រមទាំងត្រួតពិនិត្យមធ្យោបាយ សម្ភារបច្ចេកទេស និងយុទ្ធោបករណ៍ បម្រើអោយការការពារអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕