(កែប)៖ មន្ទីរព័ត៌មានខេត្តកែប នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បន្តចុះធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅតាមមូលដ្ឋាននៅទូទាំងភូមិសាស្ត្រនៃខេត្តកែប ក្នុងនោះក្រុមការងារមន្ទីរ បានចុះទៅដល់សាលាឃុំពងទឹក និងសាលាឃុំអង្កោល ស្ថិតនៅស្រុកដំណាក់ចង្អើរ និងតាមសាលាសង្កាត់កែប សង្កាត់ព្រៃធំ សង្កាត់អូរក្រសារ និងនៅក្នុងផ្សារកែប នៃក្រុងកែប។ យុទ្ធនាការនេះ ធ្វើឡើងក្រោមទិសស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»។
លោក ម៉ី វុធ មេឃុំស្តីទីឃុំអង្កោល បានឲ្យដឹងថា បច្ចុប្បន្នការទទួលបានព័ត៌មាន មានភាពងាយស្រួល ឆាប់រហ័ស និងទូលំទូលាយ ព័ត៌មានទាំងនោះ មានចម្រុះទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ដោយព័ត៌មានក្លែងក្លាយ ពិតជាបានបង្កើតផលប៉ះពាល់ដល់សង្គមជាតិពិតមែន ធ្វើអោយប្រជាពលរដ្ឋរារែកក្នុងការសម្រេចចិត្ត ឬសម្រេចចិត្តខុស។
លោកបន្តថា ស្របពេលដែលស្ថានភាពព្រំដែនកម្ពុជា-ថៃ កំពុងតានតឹង ព័ត៌មានជាច្រើនបានលេចឡើង ក្នុងនោះមានទាំងព័ត៌មានក្លែងក្លាយក៏ច្រើន។
ដើម្បីកុំឲ្យមានការភ័ណ្ឌច្រឡំ លោកបានណែនាំឲ្យពលរដ្ឋទាំងអស់ ផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ថ្នាក់ដឹកនាំ មានផេកសម្តេចតេជោ សម្តេចធិបតី និងប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នពាក់ព័ន្ធ ឬស្ថាប័នព័ត៌មានវិជ្ជាជីវ: ដែលអាចទុកចិត្តបាន។
លោក មាស សិត ជាប្រជាការពារភូមិអំពេង និងអ្នករត់តាក់ស៊ី បានអោយដឹងថា ពិតណាស់ព័ត៌មានក្លែងក្លាយ បានជះផលមិនល្អដល់សង្គម ជាពិសេសពលរដ្ឋនៅតាមជនបទ។ ការធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ បានជួយក្នុងការពញ្ញាក់ស្មារតីប្រជាពលរដ្ឋ អោយកាន់តែប្រុងប្រយ័ត្ន មុនជឿលើព័ត៌មានណាមួយដែលបានផ្សាយតាមបណ្តាញសង្គម។
ក្នុងដំណើរយុទ្ធនាការខាងលើ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានលើកបញ្ជាក់ឲ្យដឹងថា ក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ បាននិងកំពុងធ្វើឡើងនៅទូទាំងប្រទេស ក្រោយក្រសួងព័ត៌មាន បានប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងក្លែងបន្លំ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន។
លោកប្រធានមន្ទីរ បន្តថា ក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ មន្ទីរនឹងធ្វើយុទ្ធនាការឲ្យដល់គ្រប់ទីកន្លែង ទាំងក្នុងទីប្រជុំជន និងជនបទដាច់ស្រយាល ហើយនឹងបន្តធ្វើយុទ្ធនាការនេះជាប្រចាំ សំដៅឲ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ ថាព័ត៌មានណាពិត ព័ត៌មានណាក្លែងក្លាយ។ ហើយក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះផងដែរ គឺយោងទៅតាមការណែនាំ ក៏ដូចជាការអនុវត្តតាមរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតាមការចង្អុលបង្ហាញនីតិវិធី ពីលោកអភិបាលខេត្តកែប៕