(ស្វាយរៀង)៖ លោក​ ស​ សុដានី​ អភិបាលរងខេត្តស្វាយរៀង ​បានជំរុញប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ ដាំដើមឈើគ្រប់ប្រភេទ ឲ្យបានច្រើនជាអតិបរិមានៅតាម ទីវត្តអារាម តាមភូមិដ្ឋាន តាមទីសាធារណៈ តាមប្រព័ន្ធទំនប់ ប្រឡាយ និងតាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិទាំងនេះ ឲ្យដុះលូតលាស់ឡើងជាប្រយោជន៍ដល់មនុស្សជាតិលើពិភពលោករាប់ជំនាន់ក្រោយៗទៀត។

ការថ្លែងបែបនេះរបស់លោក សរ សុដានី បានធ្វើឡើងក្នុងឱកាសដែលលោកតំណាងលោកប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងលោក រាណ​ សុវណ្ណរិទ្ធ​ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​​ បានអញ្ជើញក្នុងពិធីរុក្ខទិវា​ដែលប្រារព្ធធ្វើនៅបរិវេណអនុវិទ្យាល័យសោមឯមឆ្មា ភូមិពង្រ​ ឃុំឆ្មា ស្រុរំដួល ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

លោក សរ សុដានី បានបន្តថា​ ថ្ងៃនេះជាទិវាមួយប្រកបដោយបរិយាកាសរីករាយក្រោមដំបូលសន្តិភាព ហើយបានប្រារព្ធពិធីរុក្ខទិវា ឆ្នាំ២០២៥ និងសូមសម្តែងការអបអរសាទរយ៉ាងក្រៃលែងដោយឃើញវត្តមានមន្ត្រីរាជការ​ និងបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនាពេលនេះ​ ទន្ទឹមនេះ​សូមកោតសរសើរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានជ្រើសរើសយកអនុវិទ្យាល័យសោមឯមឆ្មា ស្ថិតនៅភូមិ ពង្រ ឃុំឆ្មា ស្រុករំដួល សំរាប់ចាត់ចែងរៀបចំពិធីនេះឡើងតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបាន កំណត់យកថ្ងៃ៩ ខែកក្កដា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធពិធី រុក្ខទិវា សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិយើង។

អភិបាលរង បានគូសបញ្ជាក់ថា​ ពិធីរុក្ខទិវាដែលកំពុងប្រារព្ធឡើងនៅពេលនេះ មានអត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុត សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទឲ្យចូលរួម ដាំដុះព្រៃឈើ ថែរក្សាការពារព្រៃឈើ សត្វព្រៃ ដើម្បីប្រែក្លាយទីនេះឲ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ ឲ្យកាន់តែសំបូរឡើងថែមទៀត នៅគ្រប់ទិសទីក្នុងខេត្តស្វាយរៀង៕