(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី៣ ឆ្នាំ២០២២ និងវគ្គបណ្តុះបណ្តាលការងារលេខាធិការ រយៈពេលខ្លី វគ្គទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ។

យោងតាមរបាយការណ៍បញ្ចប់វគ្គរបស់ឧត្តមសេនីយ៍ទោ ហៀ ហ៊ីន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ថ្ងៃនេះមជ្ឈមណ្ឌលបានដំណើរការបណ្តុះបណ្តាល បញ្ចប់ជាស្ថាពរ ចំនួន០២វគ្គ និងកំពុងដំណើរការបណ្តុះបណ្តាលចំនួន២វគ្គ។

វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី៣ ឆ្នាំ២០២២ មានសមាសភាពចូលរួមសរុបចំនួន ៣០២នាក់ ក្នុងនោះយោធាចារ្យ សាស្ត្រាចារ្យ ចំនួន ៣៦នាក់ សិក្ខាកាម ចំនួន ២៦៦ នាក់ ស្រីចំនួន ៤២នាក់ ដែលត្រូវបានចាត់បញ្ជូន មកពីបណ្តាអង្គភាពចំណុះ ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

ការសិក្សាមានរយៈពេល ២៦៧ថ្ងៃ ដោយផ្តោតសំខាន់ទៅមុខវិជ្ជាការងាររដ្ឋបាល ការតាក់តែង និងចរាចរលិខិតស្នាម ចំណេះដឹងយោធា វិទ្យាសាស្ត្រសង្គម និងបច្ចេកវិទ្យាឌីជីថល។ បន្ថែមពីនេះមជ្ឈមណ្ឌល បានដឹកនាំសិក្ខាកាម ចុះបំពេញទស្សនកិច្ចសិក្សា នៅវិមានឈ្នះឈ្នះ ចូលរួមបាឋកថារបស់ថ្នាក់ដឹកនាំ និងសិក្ខាសាលានានា។

ឧត្តមសេនីយ៍ទោ ហៀ ហ៊ីន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលការងារលេខាធិការរយៈពេលខ្លី វគ្គទី១ ឆ្នាំ២០២៣ មានសមាសភាពចូលរួម សរុបចំនួន ២០៦នាក់ ក្នុងនោះមាន យោធាចារ្យ និងសាស្ត្រាចារ្យ ចំនួន០៥នាក់ និងសិក្ខាកាមមានចំនួន ២០៤ នាក់ ស្រីចំនួន ៤០នាក់ ដែលត្រូវបានចាត់បញ្ជូនមកពីបណ្តាអង្គភាពចំណុះ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ។ សិក្សារយៈពេល ១៣០ថ្ងៃ, ដោយផ្តោតសំខាន់ ឱ្យសិក្ខាកាម យល់ដឹងអំពីការងារជាសេនាធិការជូនថ្នាក់ដឹកនាំ ការងារតាក់តែងលិខិតរដ្ឋបាល លិខិតឯកជន លិខិត គតិយុត្ត ធ្វើកំណត់ហេតុ ការរៀបចំរបាយការណ៍ស្វាគមន៍ ទម្រង់សន្ទរកថា និងការងារពិធីការ ព្រមទាំង យល់ដឹងអំពីក្រមសីលធម៌របស់មន្ត្រីសារធារណៈ។

ឧត្ដមសេនីយ៍ទោ នាយកមជ្ឈមណ្ឌល បានបន្តទៀតថា អនុវត្តតាមការចង្អុលបង្ហាញ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់នាយឧត្ដមសេនីយ៍ អគ្គលេខាធិការ មជ្ឈមណ្ឌល បានវិវត្តជាលំដាប់។ ក្នុងនោះ តាមអនុក្រឹត្យលេខ៥៥ គឺតម្រូវឱ្យមានការកែសម្រួល ទៅលើគោលការណ៍កំណត់ កម្មវិធីសិក្សា  និងលក្ខខណ្ឌផ្សេងៗជាចាំបាច់។ ជាក់ស្ដែង តាមប្រកាសលេខ០៣០ ស្ដីពីការកំណត់ លក្ខខណ្ឌជ្រើសរើសយោធិនមកសិក្សា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃយោធពលខេមរភូមិន្ទ កម្មវិធីសិក្សាមាន ០៣ កម្រិត រួមមាន៖ វគ្គបណ្ដុះបណ្ដាលរយៈពេល ១២ ខែ កម្រិតសញ្ញាបត្រ, វគ្គបណ្ដុះបណ្ដាលរយៈពេល ០៦ ខែ កម្រិតវិញ្ញាបនបត្រ និងវគ្គបំប៉នរយៈពេល ០៣ ខែ កម្រិតលិខិតបញ្ចាក់ការសិក្សា។

នាឱកាសនោះ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងថា ក្នុងនាមអង្គភាពជាសេនាធិការ ឱ្យក្រសួងការពារជាតិ ក្នុងការសម្របសម្រួលលើវិស័យរដ្ឋបាល មើលឃើញថា មិនទាន់មានសង្គតិភាពនៅឡើយនោះទេ។ ដូច្នេះ ការបង្កើតវគ្គបណ្ដុះបណ្ដាលនេះឡើង គឺក្នុងគោលបំណង ផ្ដល់ជូនដល់យោធិន ទូទាំងកងយោធពលខេមរភូមិន្ទ ទទួលបាននូវគុណវុឌ្ឍិពេញលេញ ក្នុងការយល់ជ្រាបអំពីកិច្ចការងាររដ្ឋបាល ការងារដឹកនាំបញ្ជា សំដៅធ្វើយ៉ាងណា តម្រង់ទិសឱ្យមានការឯកភាពគ្នា ស៊ីចង្វាក់ និងរហ័សទាន់ពេលវេលា ដោយផ្អែកតាមអត្ថន័យលិខិតស្នាម និងឧត្តមានុវត្តន៍ ដើម្បីធានាបាននូវកាលានុវត្តភាព ទូទាំងកងយោធពលខេមរភូមិន្ទ។

កត្តាសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលផ្ដល់ឱកាសដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ បើគ្មានសន្តិភាពនោះទេ សមិទ្ធផលជាច្រើនដូចបច្ចុប្បន្ននេះ និងមិនអាចកើតមានបានឡើយ។ លោកបានបញ្ជាក់ថា «ទោះលះបង់តម្លៃណា ត្រូវតែរក្សាឱ្យបានសន្តិភាព ឯកភាពជាតិ មិនមានជាតិសាសន៍ណាស្រលាញ់ខ្មែរជាងជាតិខ្មែរទេ»