(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថាកម្ពុជា មិនអាចធ្វើការជាមួយនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នបានទេ ហើយកម្ពុជារង់ចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មី ហើយការទម្លាយអាថ៌កំបាំងរបស់គ្រួសារថាក់ស៊ីន ថៃអាចចាត់បេសកជនមកជួបសម្ដេចផ្ទាល់បាន។
ការបញ្ជាក់របស់សម្ដេច បានធ្វើក្នុងការថ្លែងសារពិសេស របស់សម្ដេច នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។
នាឱកាសនោះ សម្ដេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថាសម្ដេចមិនដែលប្រមាថ ឬប៉ះពាល់មេទ័ពថៃណាម្នាក់នោះទេ ខុសពីលោកស្រីនាយករដ្ឋមន្ត្រីថៃ ដែលប្រមាថមេទ័ពរបស់ខ្លួន ដើម្បីបំពេញចិត្តរបស់សម្ដេចទៅវិញ ខណៈដែលកម្ពុជាចាត់ទុកសកម្មភាពនេះជាទោសក្បត់ជាតិ។
សម្ដេចតេជោ បានថ្លែងបន្តថា «តើសកម្មភាពរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃនេះ ប្រទេសថៃចាត់ទុកថាជាការក្បត់ជាតិ ឬយ៉ាងណានោះទុកឱ្យប្រទេសថៃជាអ្នកសម្រេចខ្លួនឯងទៅ ប៉ុន្តែសម្រាប់កម្ពុជា បទល្មើសនេះជាបទល្មើសក្បត់ជាតិ ព្រោះជាការវៃប្រហារកម្លាំងប្រដាប់អាវុធខ្លួនឯង ដើម្បីតម្រូវចិត្តជនបរទេស»។
បិតាសន្តិភាពកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «លោកជំទាវចង់បោកប្រាស់ខ្ញុំ ដែលលោកជំទាវចាត់ទុកថាជាយុទ្ធសាស្រ្តចរចារ ឬយុទ្ធវិធីចរចារផ្នែកតាកតិចចរចារ តែលោកជំទាវស្គាល់ ហ៊ុន សែន តិចពេកហើយ ឪពុករបស់លោកជំទាវ ហៅហ៊ុន សែន ថាមេ០១ ផ្ដាំទៅ។ ថាក់ស៊ីន ចាត់ទុកខ្ញុំជាមេ..»។
ជាមួយគ្នានេះ សម្ដេចតេជោ បានថ្លែងបន្តថា សម្ដេចគ្មានជម្រើសនោះទេ ដូច្នេះត្រូវតែវាយបកវិញ ដ្បិតការប្រមាថនោះធ្ងន់ធ្ងរពេកសម្រាប់សម្ដេច។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា បានធ្វើសន្និសីទសារព័ត៌មានលាបពណ៌កម្ពុជា ថាជាមជ្ឈមណ្ឌលដ៏ធំនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានសម្ដេចតេជោ ចាត់ទុកថា នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមកលើកម្ពុជា។
ការណ៍នេះ ធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ដូច្នេះខ្ញុំមិនអត់ឱនឱ្យអ្នកទេ ហើយកម្ពុជាក៏មិនអាចធ្វើការជាមួយនាយករដ្ឋមន្ត្រីបែបនេះកើតដែរ យើងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មី កុំថាខ្ញុំជ្រៀតជ្រែកលូកដៃទៅលើបញ្ហាការទម្លាក់រដ្ឋាភិបាលថៃ គឺអត់ទេ។ ប៉ុន្តែខ្ញុំគ្រាន់តែផ្ដល់ឱ្យប្រទេសថៃ បានដឹងថានាយករដ្ឋមន្ត្រីថៃ ធ្វើអំពើស្មោគគ្រោកបែបណាចំពោះជាតិសាសន៍ខ្លួនឯងតែប៉ុណ្ណោះ»។
សម្ដេចតេជោ បានចាត់ទុកការប្រមាថរបស់នាយករដ្ឋមន្ត្រីថៃ លើមេភូមិភាគរបស់ខ្លួន ប្រៀបដូចនឹងការប្រមាថដល់អង្គព្រះមហាក្សត្ររបស់ខ្លួន ព្រោះការតែងតាំងឧត្តមសេនីយ៍ គឺមានតែព្រះមហាក្សត្រទេដែលមានព្រះរាជសិទ្ធិ ចេញព្រះរាជក្រឹត្យតែងតាំង ដូច្នេះលោកស្រីនាយករដ្ឋមន្ត្រីត្រូវជ្រាបពីកិច្ចការនេះ។
ពាក់ព័ន្ធនឹងការទម្លាយអាថ៌កំបាំងរបស់គ្រួសារថាក់ស៊ីន សម្ដេច នឹងមិនទម្លាយរឿងប្រមាថព្រះមហាក្សត្រថៃនោះទេ តែបើសិនជាភាគីថៃចង់ដឹងអាចបញ្ជូនបេសកជនមកជួបសម្តេចផ្ទាល់៕
</p