(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងរំលឹកថា គណបក្សភឿថៃ គឺសម្តេចចូលរួមជួយបង្កើតឡើង នឹងជាអ្នកផ្តល់យោបល់ និងបទពិសោធន៍ស្តីពីការបង្កើតបក្ស ឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរដូចនេះនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញថ្លែងសារពិសេស គ្រាដែលបានជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «រឿងបក្សភឿថៃនេះទៀតសោតខ្ញុំសូមនិយាយ ខ្ញុំបានចូលរួមចំណែកក្នុងការបង្កើតបក្សនេះសូមឯកឧត្តម ថាក់ស៊ីន និង សូរ៉ាគៀត សូមចាំឱ្យច្បាស់ តំបូងខ្ញុំទៅ ញ៉ូយ៉ក ដោយចាកចេញពីឡាហាវ៉ាន ទស្សនកិច្ចនៅគុយបា មកញ៉ូយ៉ក, ថាក់ស៊ីន និង សូរ៉ាគៀត បានហោះទៅតិចសាស់ ជួបជាមួយនឹង ប៊ូស ពេលនោះ ប៊ូស មិនទាន់ជាប់ជាប្រធានាធិបតីទេ ប៉ុន្តែតាមការប៉ានស្មានរបស់ ថាក់ស៊ីន ថា ប៊ូសនឹងជាប់ឆ្នោត ដូចនេះត្រូវមានទំនាក់ទំនងជាមួយអាមេរិកឱ្យហើយ ដែលមានបេក្ខជនមានសក្តានុពលអាចនឹងជាប់ឆ្នោត»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គ្រានោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានធ្វើដំណើរពីតិចសាស់ ដើម្បីទៅជួបសម្តេចនៅទីក្រុងញ៉ូយ៉ក ដើម្បីនិយាយអំពីការបង្កើតបក្ស និងចង់បានបទពិសោធន៍ ស្តីពីការបង្កើតបក្ស បន្ទាប់មកទៀតលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក៏បានធ្វើដំណើរទៅជួប សូរ៉ាគៀត ទៀត និងបន្តដំណើរមកជួបសម្តេចនៅទីក្រុងភ្នំពេញ ខណៈដែលគ្រានោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ មិនទាន់បានធ្វើនយោបាយនោះទេ គ្រាន់តែជាអ្នករកស៊ីប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថាលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបង្កើតបក្សនឹងបានចូលរួមការបោះឆ្នោតនៅឆ្នាំ២០០១ គ្រានោះបក្សភឿថៃ មានសំលេងភាគច្រើន តែក៏នៅមិនគ្រាប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលនោះទេ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក៏បានស្នើសុំសម្តេច ជួយនិយាយជាមួយឧត្តមសេនីយ៍ ឆេវលិត យ៉ុងឆៃយ៉ុត ដើម្បីរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោក ថាក់ស៊ីន ហើយក្រោយសម្តេចបានជជែកជាមួយឧត្តមសេនីយ៍ ឆេវលិត យ៉ុងឆៃយ៉ុត រួចក៏ទទួលបានលទ្ធផលវិជ្ជមាន ទើបបានធ្វើឱ្យបក្សនេះបានកើតជាបន្តមកផងដែរ៕