(ព្រះវិហារ)៖ ថ្លែងពីព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ និងប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីគោលដៅរបស់សម្តេច គឺកម្ពុជានៅតែចង់រក្សាមិត្តភាពល្អជាមួយប្រទេសថៃ និងចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចតេជោ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនៅតែចង់បានមិត្តភាពមួយជាមួយប្រទេសថៃ ខ្ញុំនៅតែចង់សម្រេចគោលដៅរបស់ខ្ញុំទាំងពីរចំណុច ទី១ ប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ ទី២ ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍»។
សម្តេចតេជោបានបញ្ជាក់ទៀតថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីធ្វើប្រក្រតីកម្មទំនាក់ទំនង ជាមួយនឹងប្រទេសថៃ ពោលគឺកម្ពុជាចង់មានដំណោះស្រាយដោយសន្តិវិធី មិនថាតាមយន្តការទ្វេភាគីក្តី និងតាមយន្តការតុលាការអន្តរជាតិក្តី។
លើសពីនេះកម្ពុជា មិនដែលចាត់ទុកថៃជាសត្រូវនោះទេ ប៉ុន្តែប្រសិនបើអ្នកណាដែលចាត់កម្ពុជាជាសត្រូវ ប្រទេសនោះក៏ជាសត្រូវរបស់កម្ពុជាដែរ។
យ៉ាងក្តីនេះសម្តេចបានបង្ហាញសុទិដ្ឋិនិយមថា ប្រជាជនថៃភាគច្រើនក៏មិនចាត់ទុកកម្ពុជាគឺជាសត្រូវ ហើយប្រជាជនកម្ពុជា ក៏មិនចាត់ទុកថៃជាសត្រូវដែរ៕