(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកសំដីរបស់លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ដែលថា ការបញ្ចេញសារផ្សព្វផ្សាយជាសាធារណៈ តាមបណ្តាញសង្គម អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គ្មានវិជ្ជាជីវៈ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរ និងមិនអាចទទួលយកបានឡើយ។
សម្តេចសង្កត់ធ្ងន់ថា ពាក្យគ្មានវិជ្ជាជីវៈនេះ មិនមែនជាពាក្យត្រូវប្រើជាមួយថ្នាក់ដឹកនាំប្រទេស ឬអ្នកនយោបាយនោះទេ ហើយថាមាត់អត់គំរបរបស់នាយករដ្ឋមន្ត្រីថៃនេះហើយ ដែលនាំឱ្យមានការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាងសម្តេច និងនាយករដ្ឋមន្ត្រីថៃ និងការបកអាក្រាតនានាអំពីក្រុមគ្រួសារ លោក ថាក់ស៉ីន នៅពេលនេះ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។
សម្តេចតេជោបានថ្លែងដូច្នេះថា «អ៊ុងអ៉ីង [នាយករដ្ឋមន្ត្រី] ប្រមាថ ហ៊ុន សែន ប្រមាថ ហ៊ុន ម៉ាណែត សុទ្ធតែអ្នកអត់មានវិជ្ជាជីវៈ លោកជំទាវមើលខុសហើយ។ នេះជាការប្រមាថដែលមិនធ្លាប់មាន ជាលើកទី១ ហើយដែលខ្ញុំទទួលការប្រមាថបែបនេះ ប្រើពាក្យអត់មានវិជ្ជាជីវៈ ការប្រមាថធ្ងន់ធ្ងរនេះហើយដែលនាំទៅដល់ ហ៊ុន សែន ត្រូវឆ្លើយតបបកអាក្រាតឱ្យខ្ទេច ត្រូវក្រោយលោកជំទាវត្រូវចាំ ភាសាអត់វិជ្ជាជីវៈ មិនមែនជាភាសា ដែលត្រូវប្រើប្រាស់ក្នុងចំណោមអ្នកនយោបាយទេ»។
សម្តេចបានប្រាប់ឱ្យនាយករដ្ឋមន្ត្រីថៃ មើលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺគាត់ប្រើប្រាស់បណ្តាញសង្គម ក្នុងការបញ្ចេញព័ត៌មានផ្សេង រួមទាំងបញ្ជាច្បាំងផងដែរ។
សម្តេចចោទសួរថា ក្រែងសម័យនេះជាសម័យឌីជីថល ការចែករំលែកព័ត៌មានដល់សាធារណជន តាមបណ្តាញសង្គម ហេតុអ្វីបានជានិយាយថា អត់មានវិជ្ជាជីវៈ? ហើយរឿងអត់វិជ្ជាជីវៈនេះហើយ ទើបបណ្តាលឱ្យមានសារបែកធ្លាយសំឡេងឆ្លងឆ្លើយរបស់សម្តេច និងនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ នេះហើយមាត់អត់គំរប កូនអត់មានឪម៉ែប្រដៅ៕
</p