(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទសួរទៅកាន់ភាគីថៃ ដែលចោទកម្ពុជាថារំលោភពនោះថា ហេតុអ្វីបានជាមិនព្រមប្តឹងទៅតុលាការ? ហើយសម្តេចបានលើកឡើងថា «មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់»

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចេះតែឆ្ងល់ថា ថៃបានចោទកម្ពុជាថារំលោភដីថៃ ហេតុអ្វីក៏ថៃខ្វះសេចក្តីក្លាហានប្តឹងកម្ពុជាទៅតុលាការ ខ្ញុំសូមចោទសួរទៅទីក្រុងបាងកក អ្នកបានចោទកម្ពុជាថារំលោភលើអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ ហើយហេតុអ្វីបានជាអ្នកមិនព្រមឡើងតុលាការជាមួយកម្ពុជា សូមប្រជាជនថៃ សូមប្រជាជនកម្ពុជា ក៏ដូចជាមិត្តភក្តិអន្តរជាតិ ពិចារណាអំពីបញ្ហានេះ ពិចារណាចំណុចនេះឱ្យបានដិតដល់»

សម្តេចបានបន្តចោទសួរថា ហេតុអ្វីបានត្រូវខ្លាចតុលាការ? ហើយមកថាកម្ពុជាជាអ្នករំលោភ ហេតុអ្វីមិនប្តឹងទៅតុលាការ? នៅក្នុងប្រទេសមួយ បើភាគីណាមួយមិនសុខចិត្ត គឺត្រូវប្តឹងទៅតុលាការ ហើយនៅលើភពលោកមានតុលាការយុត្តិធម៌អន្តរជាតិដូចគ្នា។

សម្តេចបានថ្លែងថា មេដឹកនាំថៃមិនគួរណាខ្លាចនូវអ្វីដែលជាផ្លូវច្បាប់នោះទេ ហើយបើតុលាការកាត់ក្តី នឹងងាយស្រួលដល់រដ្ឋាភិបាលប្រទេសនីមួយៗ ធ្វើការពន្យល់ប្រជាពលរដ្ឋរបស់ខ្លួន។

សម្តេចបានចោទជាសំណួរថា «តើហេតុអ្វីបានជាថៃទាត់ចោលនូវដំណើរការផ្លូវច្បាប់? បើនិយាយមួយបែបទៅមានតែអ្នកខ្វះសុចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់នោះ»