(ព្រះវិហារ)៖ ថ្លែងដោយសេចក្តីរីករាយ ចេញពីខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវការពេញចិត្ត ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ដែលរយៈពេលជិត២ឆ្នាំនេះ កំពុងបន្តដំណើរយ៉ាងល្អប្រសើរ ដោយជម្នះនូវការលំបាកជាច្រើន។
អ្វីដែលពិសេសទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់រាជរដ្ឋាភិបាលបន្តវេន ចំពោះការគ្រប់គ្រងចំណូលពន្ធគយ និងពន្ធផ្ទៃក្នុង (ពន្ធដារ) ដែលជាប្រភពចំណូលជាតិដ៏សំខាន់របស់ប្រទេស ធ្វើឱ្យសាច់ប្រាក់ក្នុងរតនាគារជាតិ មានចំនួនច្រើនជាង ពេលសម្តេចចាកចេញពីរាជរដ្ឋាភិបាល។
ការគ្រង់គ្រងចំណូលបានយ៉ាងល្អនេះ សម្តេចសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលអ្នកបន្តវេន មិនមែនជាអ្នកអត់មាយាទនោះទេ ប៉ុន្តែជាអ្នកមានពូជ»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងមើលចំណូលពន្ធគយ ចំណូលពន្ធផ្ទៃក្នុង និងសាច់ប្រាក់ក្នុងរតនាគារជាតិ ខ្ញុំអាចនិយាយបានថា សាច់ប្រាក់នៅក្នុងរតនាគារ មានចំនួនច្រើនជាងពេលដែលខ្ញុំចាកចេញ។ អីចឹងបានសេចក្តីថា អ្នកជំនាន់ក្រោយនេះ មិនមែនជាក្មេងអត់មាយាទទេ ប៉ុន្តែគឺជាអ្នកមានពូជ ដែលពួកគេបានខិតខំធ្វើការ បង្កើនបៀវត្សឱ្យមន្ត្រីរាជការ បង្កើនការចំណាយទៅលើការគាំពារសង្គម បង្កើនការចំណាយទៅលើការវិនិយោគលើវិស័យអប់រំ សុខាភិបាល និងវិស័យផ្សេងទៀតក៏មានពិត ក៏ប៉ុន្តែពួកគេចេះសន្សំប្រាក់ ឱ្យប្រាក់ក្នុងរតនាគារមានការកើនឡើង»។
សម្តេចបានរំលឹកអំពីការធ្វើជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ឆ្នាំ តាំងពីនាយករដ្ឋមន្ត្រីអស់សាច់ប្រាក់ ដែលពេលខ្លះជំពាក់ប្រាក់ខែមន្ត្រីរាជការ ២ឬ ៣ខែក៏មាន ប៉ុន្តែមកដល់ពេលនេះ មានការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការជាប្រចាំផង និងបើប្រាក់បៀវត្សជូនមន្ត្រីរាជការ ២ដងក្នុង ១ខែផងដែរ។
សម្តេចបន្តថា នៅមុនពេលកូវីដ១៩ រាជរដ្ឋាភិបាលបានសន្សំសាច់ប្រាក់បានជាង ៤ពាន់លានដុល្លារ ប៉ុន្តែវិបត្តិកូវីដ១៩ តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវចំណាយផ្សេងៗ និងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាអស់មួយចំនួន។ សម្តេចសង្កត់ធ្ងន់ថា បើទោះជាត្រូវចំណាយ ក៏រាជរដ្ឋាភិបាលមិនខ្វះសាច់ប្រាក់នោះដែរ៕