(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធជម្លោះរវាងប្រទេសកម្ពុជា-ថៃ ជាពិសេសពាក់ព័ន្ធក្រុមគ្រួសារថាក់ស៊ីន៖
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនជាមួយភាពលំបាករបស់សម្តេច បានធ្វើតាំងពីអាយុ១៣ឆ្នាំ ពេលរស់នៅវត្តដើម្បីរៀនសូត្រ ហើយបន្តលុតដំរហូតមកជាមួយការតស៊ូជាយុទ្ធជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការហត់នឿយរបស់សម្តេចនាពេលនេះ មិនជាបញ្ហានោះឡើយ ហើយភាពលំបាករបស់សម្តេច គឺមិនលំបាកស្មើនឹងកសិករនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីនៅក្មេងពេលសម្តេចលំបាក សម្តេចតែងប្រៀបធៀបការលំបាករបស់សម្តេច ទៅនឹងអ្នកដទៃដែលលំបាកជាង ដើម្បីលើកទឹកចិត្តជម្នះការលំបាកទាំងឡាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរចុះតាមខេត្តកាលពីឆ្នាំ២០១៦ សម្តេចបានធ្វើដំណើរប្រមាណ៦ពាន់គីឡូ ហើយបានចំណាយថវិកាប្រមាណ៤០០លានដុល្លារ វិនិយោគលើការអប់រំ តាមរយៈសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធនានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំនាន់ថ្មីបន្តដំណើរជិត២ឆ្នាំនេះ កំពុងបន្តដំណើរយ៉ាងល្អប្រសើរ ដោយជម្នះនូវការលំបាកជាច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលពន្ធគយ ចំណូលផ្ទៃក្នុង និងប្រាក់នៅរតនាគារ បានបង្ហាញថា សាច់ប្រាក់ច្រើនជាងពេលសម្តេចចាកចេញពីរាជរដ្ឋាភិបាល។ តាមស្ថានភាពនេះបង្ហាញថា រាជរដ្ឋាភិបាលអ្នកបន្តវេន មិនមែនជាអ្នកអត់មាយាទនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះវិហារ និងខេត្តជាប់ព្រំដែនថៃ កំពុងជាប់ផុងក្នុងហេតុការណ៍ដ៏អាក្រក់នៃជម្លោះកើតឡើងដោយការឈ្លានពានរបស់ថៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឹងប្រែងទប់ស្កាត់កុំឱ្យបញ្ហាវិវាទព្រំដែនរីករាលដាលពីតំបន់មួយទៅតំបន់មួយទៀត និងពីវិស័យមួយទៅវិស័យមួយទៀត។ តែបញ្ហាត្រូវបានគេប្រឹងពង្រីកជាបន្តបន្ទាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅតែបន្តជំហរការចរចាសន្តិវិធីលើវិវាទព្រំដែនជាមួយថៃ ដោយជ្រើសយន្តការទ្វេភាគី និងតុលាការអន្តរជាតិ។ តុលាការអន្តរជាតិមានតែ៤តំបន់ទេ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងមុំបី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីតំបន់ទាំង៤ ដែលបានដាក់ទៅតុលាការអន្តរជាតិ កម្ពុជា និងថៃ នៅមានតំបន់ព្រំដែនជាច្រើនទៀត ដែលទាមទារឱ្យដោះស្រាយសន្តិវិធីទ្វេភាគី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនគួរខ្លាចតុលាការអន្តរជាតិនោះទេ បើភាគីទាំងពីត្រូវការយុត្តិធម៌។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅថៃ បើចោទកម្ពុជាជាអ្នករំលោភដីថៃ ហេតុអ្វីមិនព្រមប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ? ហើយហេតុអ្វីមិនព្រមទៅតុលាការអន្តរជាតិជាមួយកម្ពុជា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលដីការបស់តុលាការអន្តរជាតិ នឹងធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា និងថៃ មានហេតុផលពន្យល់ទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួន ព្រោះជាសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកនយោបាយមាននិន្នាការប្រឆាំង ត្រូវគិតពីប្រយោជន៍ជាតិ និងនីតិវិធីរបស់តុលាការ មិនគួរទាមទារការបង្ហាញលិខិតស្នាមទាំងឡាយពាក់ព័ន្ធការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនោះទេ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកាលៈទេសៈកម្ពុជា មានវិវាទជាមួយថៃ ជាពេលដែលប្រជាពលរដ្ឋវិនិច្ឆ័យចំពោះអ្នកនយោបាយប្រឆាំង តើនៅជាមួយជាតិ ឬនៅជាមួយសត្រូវ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីយប់មិញនេះ សម្តេចតេជោ បានទទួលរឿងដ៏អស្ចារ្យ ដោយបច្ចាមិត្តបានទទួលស្គាល់ទីតាំងដីភ្ជាប់ទៅនឹងផែនទីជាដីរបស់ខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរច្រើនលើសលុប បានជឿជាក់លើការដោះស្រាយបញ្ហាទឹកដីរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់បណ្តឹងមិនមែនសុទ្ធតែតុលាការអន្តរជាតិយកទៅជំនុំជម្រះនោះទេ បើមិនបំពេញលក្ខខណ្ឌឱ្យបានត្រឹមត្រូវទេនោះ។ សម្តេចតេជោ ផ្តាំឱ្យក្រុមប្រឆាំងរៀនសូត្រពីច្បាប់ បើមិនយល់ពីច្បាប់។
* សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិចារណាធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរ ជនទាំងឡាយណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចហើយជាអ្នកប្រឆាំងនឹងច្បាប់ដកសញ្ជាតិ តែពេលល្មមដល់ពេលពិចារណាធ្វើច្បាប់ដកសញ្ជាតិ ដើម្បីរារាំងបរទេសធ្វើសកម្មភាពឈ្លានពានខ្មែរតាមរយៈខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាការពារការឈ្លាន និងវាយបករាល់ឈ្លានពាន។ កម្ពុជាតូច តែកម្ពុជាមានសិទ្ធិការពារខ្លួន និងមានសិទ្ធិវាយបក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានសព្វាវុធអាចបាញ់ដល់ក្រុងបាងកក តែកម្ពុជាមិនធ្វើដូច្នោះនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានប្រព័ន្ធដឹកនាំតែមួយ មិនដូចប្រទេសខ្លះនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពលរដ្ឋខេត្តព្រះវិហារ ដាំដុះបន្លែ ចិញ្ចឹមសត្វលក់ដូរជូនកងទ័ព ដែលសម្តេចចាត់ទុកជាអ្នកទេសចរក្នុងខេត្ត គ្រាមកឈរជើងការពារទឹកដី។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ព្រឹទ្ធសភានឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដោយកំណត់យកខេត្តធ្វើជាមណ្ឌលបោះឆ្នោត មិនយកភូមិភាគនោះទេ។ ការធ្វើវិសោធនកម្មបែបនេះ ដើម្បីជំរុញដល់សមាជិកព្រឹទ្ធសភាមានការទទួលខុសត្រូវនៅមូលដ្ឋាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើថៃ អនុញ្ញាតឱ្យមេបក្សប្រឆាំងនៅក្រៅប្រទេស ចូលទៅដីថៃធ្វើសកម្មភាពប្រឆាំងកម្ពុជា គឺជាទង្វើរំលោភគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសសមាជិកអាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃ បានដកសញ្ជាតិរបស់លោកតាស៊ុច។
* សម្តេចតេជោ ហ៊ុន សែន បាននិមន្តលោកតាស៊ុច ឱ្យនិមន្តមកកាន់ព្រះវស្សានៅកម្ពុជា ហើយសម្តេចនឹងអញ្ជើញទៅថ្វាយបង្គំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ មេដឹកនាំបក្សប្រជាជនកម្ពុជាទាំងអស់ នឹងមានជួបជុំប្រារព្ធពិធីបុណ្យខួបខួប១០ឆ្នាំនៃមរណភាពសម្តេច ជា ស៊ីម និងខួប១៦ឆ្នាំ នៃមរណភាពភរិយាសម្តេច ជា ស៊ីម។
* សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃទី២ ខែកក្កដា នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងទស្សនកិច្ចនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំ សង្កាត់ បម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសយកចិត្តទុកដាក់លើគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
* សម្តេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរខេត្តព្រះវិហារ យកចិត្តទុកដាក់ឱ្យបានខ្ពស់លើជនភៀសឹក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃ កំពុងមានអរិភាពនៅតាមព្រំដែនគ្រប់ប្រទេសមានព្រំដែនជាមួយថៃ។ កម្ពុជា គឺជាប្រទេសក្រោយគេ មានបញ្ហាព្រំដែនជាមួយថៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអស់ភាពអត់ធ្មត់ចំពោះលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ហើយ បន្ទាប់ពីលោកស្រី បានចេញមកវាយប្រហារសម្តេចម្តងហើយ ម្តងទៀត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបែកធ្លាយសារសំឡេងឆ្លើយឆ្លងជាមួយនាយករដ្ឋមន្ត្រីថៃ មិនមែនជាចេតនារបស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រីថៃ ត្រូវការទីប្រឹក្សាសម្តេចម្នាក់ ទៅពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិ និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងបាងកក ប្រទេសថៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកស្រីនាយករដ្ឋមន្ត្រីថៃ ព្រមទាំងលោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ត្រីថៃ បានស្នើសុំឱ្យមានការកែសម្រួលទ័ពនៅមុំ៣ ហើយក៏បានអរគុណសម្តេចផងដែរ។ តែចុងក្រោយថៃ បានផ្សាយបំភ្លៃថា កម្ពុជា ដកទ័ព។ សម្តេចចាត់ទុកទង្វើនេះជាការបោកប្រាស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីការបោកប្រាស់សម្តេចរឿងកែសម្រួលទ័ពនេះហើយ ទើបសម្តេចសម្រេចថតសំឡេងពេលនាយករដ្ឋមន្ត្រីហៅទូរស័ព្ទមកថ្ងៃទី១៥ ខែមិថុនា។ សំឡេងថតនោះ សម្តេចក៏បានបញ្ជូនទៅក្នុងគ្រុបមួយមានសមាជិកប្រមាណ ៨០នាក់។ សមាជិកក្នុងគ្រុបនោះ ប្រហែលមានសមាជិកខឹងសម្បានឹងការវាយប្រហាររបស់នាយករដ្ឋមន្ត្រីលើសម្តេច ទើបយកសំឡេងនោះទៅទម្លាយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលបែកធ្លាយសារសំឡេងនោះ សម្តេចក៏ទទួលបានសារដែលបែកធ្លាយពីលោក លឹម ជាវុត្ថា អគ្គនាយក Fresh News ហើយសុំផ្សាយសំឡេងនោះ ប៉ុន្តែសម្តេចបញ្ចេញសារសំឡេងទាំងស្រុងតែម្តងជាង១៧នាទី។
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកទង្វើរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ សន្ទនាជាមួយសម្តេច ដោយវាយប្រហារលើមេយោធាភូមិភាគ២ គឺជាទង្វើក្បត់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន ចោទសួរថៃថា តើទង្វើរបស់នាយករដ្ឋមន្ត្រីថៃ ជាទង្វើក្បត់ជាតិ ឬជារឿងធម្មតា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ថាក់ស៊ីន បានចាត់ទុកសម្តេចជាមេ០០១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើខាងថៃត្រូវការមនុស្សនិយាយរឿងនេះ សម្តេចនឹងឱ្យគេចេញនិយាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនអាចធ្វើការជាមួយនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ថៃ បាននោះឡើយ ហើយកម្ពុជា រង់ចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកស្រីនាយករដ្ឋមន្ត្រីថៃ អាចប្រមាថមេទ័ពថៃបាន ប៉ុន្តែមិនអាចប្រមាថសម្តេចបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីថៃថា កុំនិយាយគុណធម៌ជាមួយសម្តេច ព្រោះលោកស្រីជាក្មេងម្នាក់ ប្រមាថមកលើមនុស្សចាស់ ហើយសម្តេចក៏ជាមេដឹកនាំជាតិមួយរូបផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យនេះ កុំនិយាយរឿងថតសំឡេង។ រាល់ការសន្ទនា គឺគេតែងតែថតសំឡេង។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យថៃ ប្តឹងសម្តេច រឿងថតសំឡេងសន្ទនា។ សម្តេចតេជោថា តុលាការថៃ គ្មានយុត្តាធិការអ្វីមកលើកម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឆបោកអនឡាញ កម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះ ដោយសារថែតែប៉ុណ្ណោះ ព្រោះថៃ ជាប្រទេសមានជើងហោះហើរតភ្ជាប់ទៅប្រទេសនានា ហើយនាំជនឆបោកទាំងនោះចូលប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលផលអាក្រក់ពីប្រទេសថៃ។ ជើងហោះហើរពីឆ្ងាយ កម្ពុជាអត់មានភ្ជាប់ជើងហោះហើរនោះទេ គឺសុទ្ធតែហោះមកប្រទេសថៃទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ មិនអាចធ្វើតែឯងបានទេ គឺត្រូវមានកិច្ចសហការគ្នា។ ហេតុអ្វីក៏មកទម្លាក់កំហុសឱ្យកម្ពុជា ទាំងខ្លួនឯងជាជម្រកឧក្រិដ្ឋកម្មអនឡាញ?
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាក់ផ្សាយពីឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅប្រជាពលរដ្ឋថៃ មើលឱ្យច្បាស់ពីរបៀបដឹកនាំរបស់មេដឹកនាំថៃ ដែលខ្វះការទទួលខុសត្រូវ មិនស្មោះត្រង់ជាមួយប្រជាពលរដ្ឋខ្លួនឯង និងដៃគូសហការ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ល្បែងអនឡាញ បានកើតមានពាសពេញពិភពលោក ដូច្នេះដើម្បីលុបបំបាត់វា ប្រទេសនានា ត្រូវអប់រំប្រជាពលរដ្ឋឱ្យឈប់លេងល្បែង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសធ្វើរបងព្រំដែនពីសំណាក់ប្រទេសម៉ាឡេស៊ី ដើម្បីទប់ស្កាត់ឱក្រិដ្ឋកម្មនានា ជាការបង្ហាញថា ថៃ ជាជម្រកនៃឧក្រិដ្ឋកម្ម។
* សម្តេចតេជោ ហ៊ុន សែន ណែនាំទៅរដ្ឋមន្ត្រីការពារជាតិថៃ ត្រូវមានសេចក្តីថ្លៃថ្នូរ និងទទួលខុសត្រូវលើសម្តីរបស់ខ្លួន។ ម៉ោងនេះពេលនេះកម្ពុជា អត់មានប្រើអគ្គិសនី ឬអីុនធើណេតរបស់ថៃនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅរដ្ឋមន្ត្រីការពារជាតិថៃ តើថៃផ្គត់ផ្គង់ភ្លើង និងអីុនធើណេតមកកម្ពុជានៅចំណុចណាខ្លះ?
* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា នៅថ្អៃទី១ ខែកក្កដា ខាងមុខនេះ តុលាការធម្មនុញ្ញថៃ នឹងពិនិត្យលើការព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់ថៃ។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅថៃថា សម័យនេះ សម័យតេជោធិបតី កុំយកការគំរាមលើកម្ពុជា មិនអាចទៅរួចទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការត្រៀមខ្លួនរបស់កម្ពុជា បានជួយលើកតម្លៃពលករខ្មែរនៅក្នុងប្រទេសថៃ។ ទោះយ៉ាងណាតំបន់មួយចំនួន ពលករកម្ពុជា នៅតែរងការប្រមាថពីជនជាតិថៃ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលករខ្មែរវិលត្រឡប់មកប្រទេសវិញ ខណៈរាជរដ្ឋាភិបាលត្រៀមជួយសម្របសម្រួលលើការលំបាកនានា ទាំងការរកការងារ និងការបង់ធនាគារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទម្លាយរឿងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ពីគម្រោងដោះដូរសមាជិកគណៈរដ្ឋមន្ត្រីថៃ ពេលលោកស្រីទស្សនកិច្ចនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា លោក ថាក់ស៊ីន អត់មានឈឺអីទេ។ ឧបករណ៍ដែលយកទៅពាក់ក និងដៃ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងលោក ថាក់ស៊ីន និងលោកស្រីនាយករដ្ឋមន្ត្រីថៃ សុទ្ធតែមានពិរុទ្ធភាព ព្រោះខ្វះសុចរិតភាព។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា លោកស្រី យីងឡាក់ បានកាន់លិខិតឆ្លងដែនរបស់ខ្មែរ ដើម្បីស្នាក់នៅក្រៅប្រទេស ហើយសម្តេចជាអ្នកជួយរៀបចំឱ្យលោកស្រី គេចខ្លួនចេញពីប្រទេសថៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនបានផ្តល់ទឹកដីឱ្យអ្នកនយោបាយណាមួយប្រើប្រាស់ ធ្វើសកម្មភាពប្រឆាំងប្រទេសមួយផ្សេងទៀតនោះឡើយ។ កម្ពុជា គឺគ្រាន់តែជាទឹកដីជួយសង្គ្រោះមនុស្សប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបានវិលចូលស្រុកវិញ លោក ថាក់ស៊ីន បានស្នើសុំសម្តេចជួយសម្របសម្រួល។
* សម្តេចតេជោ ហ៊ុន សែន បង្រៀននាយករដ្ឋមន្ត្រីថៃថា ពាក្យគ្មានវិជ្ជាជីវៈ មិនមែនជាពាក្យត្រូវប្រើជាមួយមេដឹកនាំប្រទេសនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បើតែបណ្តាញសង្គមបញ្ចេញសារនានា រួមទាំងរឿងបញ្ជាវាយប្រហារទៅលើប្រទេសអីុរ៉ាក់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ហៅលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជាកូនអត់ពូជ អត់មានម៉ែឪប្រដៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រំលឹកថា គណបក្សភឿថៃ គឺសម្តេចចូលរួមជួយបង្កើតឡើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនបង្កើតគណបក្សភឿថៃ ថ្នាក់ដឹកនាំនេះ បានទៅជួបលោក ប៊ូស ដើម្បីស្វែងរកការគាំទ្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ល្មមឈប់ហើយនយោបាយបិទព្រំដែន។ តាមព្រំដែនចែកស្កគ្រាប់គ្នាហូប ប្រសើរជាងចែកគ្រាប់កាំភ្លើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នៅតែចង់មានដំណោះស្រាយសន្តិវិធជាមួយថៃ ហើយសម្តេចនៅតែប្រកាន់នយោបាយប្រែក្លាយតំបន់សមរភូមិ ជាតំបន់អភិវឌ្ឍន៍ និងព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចំណាយរបស់រាជរដ្ឋាភិបាលក្នុងមួយខែ ប្រមាណ ៣៥០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសារពិសេសនៅវេលាម៉ោង១១៖៣៧នាទីនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕