(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកបណ្ឌិត Dennis Ganendra នាយកប្រតិបត្តិក្រុមហ៊ុន Minconsult Sdn Bhd សមាជិកក្រុមប្រឹក្សា និងជាប្រធានគណៈកម្មការអាហារូបករណ៍សមាគមវិស្វកម្មផ្លូវថ្នល់ប្រចាំអាស៊ី និងអូស្ត្រាលី (REAAA) និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះធ្វើឡើងដើម្បីអបអរសាទរគម្រោង «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ របស់ព្រះរាជាណាចក្រកម្ពុជា» ដែលឈ្នះពានរង្វាន់គម្រោងល្អបំផុតរបស់ Mino នៅក្នុងប្រភេទ១ (Winning the Mino Best Project Award in Category I) ផ្លូវដែលមានបរិមាណខ្ពស់ (High Volume Roads) និងការអញ្ជើញលោករដ្ឋមន្ត្រី ដើម្បីចូលរួមពិធីសន្និបាតមីណូលើកទី៣ ពានរង្វាន់គម្រោងល្អបំផុត ដែលនឹងត្រូវប្រារព្ធឡើងរួមជាមួយនឹងពិធីបិទកម្មវិធីសន្និសីទ (REAAA) លើកទី១៧ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហ៊្គូយ៉ាង ប្រទេសកូរ៉េខាងត្បូង ពីសមាគមវិស្វកម្មផ្លូវថ្នល់នៃអាស៊ី និងអូស្ត្រាលី៕