(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាក់យ៉ាងដាច់ណាត់ថា សម្ដេចមិនជំពាក់គុណថៃបន្ដិចណាទេ ប៉ុន្ដែថៃទៅវិញទេ ដែលជាអ្នកជំពាក់គុណសម្ដេចតេជោ ដែលធ្លាប់បានផ្ដល់ផ្ទះឱ្យត្រកូលថាក់ស៊ីន ស្នាក់នៅពេលភៀសខ្លួនចេញពីប្រទេស ដោយសារតែរដ្ឋប្រហារទម្លាក់ពីអំណាចនាពេលកន្លងមក។

ការណ៍ថ្លែងរបស់សម្ដេចតេជោបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកម្ពុជា បានមានប្រសាសន៍ធ្ងន់ៗបែបនេះថា៖ «អ្នកត្រូវយល់មិនមែនកម្ពុជាល្ងង់មិនដឹងរឿងរបស់អ្នកឯងទេ ថ្ងៃស្អែកខ្ញុំនឹងបកស្រាយជូនអ្នកឯង សូម្បីតែអ្នកឯងដូរឧបនាយករដ្ឋមន្រ្តី «អានុ» ចេញដែលជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីមហាផ្ទៃ ក៏អ្នកឯងផ្ដាំមកខ្ញុំដែរ។ សូម្បីតែគ្នាអ្នកឯង អ្នកឯងក្បត់ទៅហើយ តើជាមួយខ្ញុំអ្នកឯងហ៊ានក្បត់ទេ? ច្បាស់ជាហ៊ានក្បត់! ថ្ងៃទី១៥ អ្នកឯងត្រូវចាំ បានផ្ដាំមនុស្សម្នាក់ថាដូរ «អានុ» ចេញពីរដ្ឋមន្រ្តីមហាផ្ទៃ ដើម្បីយកក្រសួងមកឱ្យភឿថៃ កាន់»

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ តេជោសែន បានព្រមានចំៗថា៖ «ខ្ញុំសូមជម្រាបអ្នកឯង! ខ្ញុំបានប្រាប់ទៅអ្នកឯងវិញថា «ដូរគេ ប្រយ័ត្នគេដូរខ្លួនឯង» ហើយអ្នកឯងរង់ចាំមើលទៅនូវលទ្ធផល បើសិនជាអ្នកឯងប្រហើន ខ្ញុំនឹងលាតត្រដាងនូវអ្វីដែលអ្នកឯងនិយាយជាមួយខ្ញុំ រាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯង។ ខ្ញុំអាចនិយាយអ៊ីចឹង! ហើយកូនរបស់អ្នកឯង, អ្នកឯងប្រដៅកូនរបស់អ្នកឯង។ អ្នកឯងក៏មានកូនធ្វើនាយករដ្ឋមន្រ្តី ឯខ្ញុំក៏មានកូនជានាយករដ្ឋមន្រ្តី ប៉ុន្តែអ្នកឯងកុំភ័ន្តច្រឡំឱ្យសោះ ជាមួយនឹង ហ៊ុន សែន, ខ្ញុំអត់មានជំពាក់គុណថៃសូម្បីអ្វីមួយ បើជាតិនិងជាតិ រឿងមួយ ប៉ុន្តែរឿងបុគ្គលគឺអត់ទេ, ខ្ញុំអត់មានជំពាក់គុណនរណាទេ អត់ជំពាក់គុណថៃទេ។ ប៉ុន្តែពួកក្រុមអ្នកឯង ជំពាក់គុណខ្ញុំ ខ្ញុំមិនទាសាគុណទេ តែអ្វីដែលខ្ញុំចង់បានគឺ ទំនាក់ទំនងស្មើភាព គ្មានការឈ្លៀនពានគ្នា គ្មានការជ្រៀតជ្រែកគ្នា តែប៉ុណ្ណឹងទេ»

ជាមួយគ្នានេះសម្ដេចបានប្រកាសថា ក្រោយសេចក្ដីថ្លែងការណ៍របស់សម្ដេចបានផ្សាយចេញទៅ សម្ដេចនឹងរង់ចាំមើលការឆ្លើយតប ពីទីក្រុងបាកក ហើយនៅក្នុងករណីចាំបាច់ សម្ដេចអាចនឹងប្រើពេល៤ ទៅ៥ម៉ោង ដើម្បីទម្លាយសារសំខាន់ៗពាក់ព័ន្ធនាយករដ្ឋមន្ដ្រីថៃ រាប់តាំងការប្រមាថព្រះមហាក្សត្រខ្លួនឯង។ ដែលគ្រាកន្លងមក ត្រកូលថាក់ស៊ីន ធ្លាប់មកស្នាក់នៅ និងហូបបាយផ្ទះសម្ដេច និយាយរឿងជាច្រើនប្រាប់សម្ដេច។

សូមជម្រាបថា អតីតនាយករដ្ឋមន្ត្រីថៃ នៃចូលត្រកូលថាក់ស៊ីន ២រូបធ្លាប់បានមកស្នាក់នៅផ្ទះសមដេចតេជោមួយរយៈ ក្រោយមានរដ្ឋប្រហារទម្លាក់ចេញពីអំណាចនាឆ្នាំ២០០៦ និងឆ្នាំ២០១៤ នាពេលកន្លងមក និងមកស្នាក់នៅនៅពេលក្រោយៗថែមទៀត ដោយនៅក្នុងនោះរួមមាន អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់, ដែលជាឪពុក និងម្តាយមីងបង្កើតរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ។ មិនតែប៉ុណ្ណោះនៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ មកកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការ នាយករដ្ឋមន្ត្រីថៃ ដែលមានឈ្មោះហៅក្រៅថា «អ៊ុងអ៊ីន» និងស្វាមីបានមកទទួលទានអាហារនៅផ្ទះរបស់សម្ដេចតេជោផងដែរ។

គ្រានោះមុនពេលចាកចេញទៅវិញនាយករដ្ឋមន្រ្តីវ័យក្មេងបំផុតរបស់ថៃរូបនេះ ក៏បានសុំមើលបន្ទប់ដែលឪពុក និងម្តាយមីងរបស់គាត់ ដែលធ្លាប់សម្រាក នៅផ្ទះសម្ដេចតេជោ ដែលត្រូវបានសម្ដេចតេធជោ រៀបចំរក្សាទុកបានយ៉ាងល្អនូវបន្ទប់ទាំង២នោះ និងបានដាក់ឈ្មោះថា ជាបន្ទប់ «ថាក់ស៊ីន» និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ «យ៉ីងឡាក់»៕