(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រកាសទទួលយកតំណែងជាអគ្គភស្ដុភារជាន់ខ្ពស់ ដោយការពេញចិត្ត ដើម្បីផ្គង់ផ្គត់កងទ័ពវាយកម្ទេចចោរសៀមឈ្លានពាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញចំពោះអ្នកប្រតិដ្ឋព័ត៌មានថា សម្ដេចតែងតាំងខ្លួនឯងជាអគ្គមេបញ្ជាការកងទ័ព ដើម្បីត្រៀមវាយថៃ។ សម្ដេចតេជោ បានថ្លែងថា អ្នកដែលមានសិទ្ធិបញ្ជាកងទ័ព គឺនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ តែសម្ដេចជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ ដែលជាមេដឹកនាំរបស់ប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បងប្អូនគ្រាន់តែនិយាយលេងជាមួយខ្ញុំថា ហៅខ្ញុំថា អគ្គភស្ដុភារជាន់ខ្ពស់ ខ្ញុំទទួលយក។ ខ្ញុំទទួលយកដោយការពេញចិត្ត ដើម្បីផ្គត់ផ្គង់កងទ័ពវាយកម្ទេចចោលចោរសៀម»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅសារព័ត៌មានថៃមួយ ដែលចុះផ្សាយមិនត្រឹមត្រូវថា «សម្តេចដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការជំនួសដើម្បីត្រៀមវាយថៃ»។ សម្តេចបានផ្តាំទៅសារព័ត៌មាននោះថា «បើឆ្កួតសូមឆ្កួតតែពួកអ្នកឯងចុះ»

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានលះបង់តំណែងជានាយករដ្ឋមន្ដ្រី ដូច្នេះមិនចាំបាច់ទៅកាន់អគ្គមេបញ្ជាការកងទ័ពដោយខ្លួនឯងនោះទេ។ សម្ដេចមិនត្រឹមតែជាមេទ័ពទេ តែជាអ្នកបង្កើតទ័ពដើម្បីវាយកម្ទេច ប៉ុល ពត ទៀតផង៕