(ព្រះវិហារ)៖ ជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានថ្លែងជូនសារដាស់តឿនទៅប្រទេសថៃ សូមកុំបំភណ្ឌ កុំភ្លេចភ្លាំងប្រវត្តិសាស្ត្រ វង្វេងប្រវត្តិសាស្ត្រ ឫបំភ្លៃប្រវត្តិសាស្ត្រ ព្រោះប្រទេសថៃបានចុះកិច្ចព្រមព្រៀងជាមួយបារាំងរួចហើយ អមដោយផែនទី កាលពីឆ្នាំ១៩០៧ ហើយបើថៃមិនគោរពគឺស្មើនឹងចោរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំសូមជូនសារទៅអ្នកឯង សូមកុំបំភណ្ឌ ការភ្លេចភ្លាំងប្រវត្តិសាស្ត្រ វង្វេងប្រវត្តិសាស្ត្រ ឫបំភ្លៃប្រវត្តិសាស្ត្រអ្នកឯងធ្វើមិនបានទេ កិច្ចព្រមព្រៀង បារាំង-សៀម អមដោយផែនទី កាលពីឆ្នាំ១៩០៧ អ្នកឯងត្រូវតែគោរព បើអ្នកឯងមិនគោរពទេគឺស្មើនឹងចោរ យើងប្រើផែនទីត្រឹមត្រូវរបស់យើង តាមដោយច្បាប់អន្តរជាតិ អ្នកឯងចុះហត្ថលេខាជាមួយបារាំងនៅពេលនោះ អ្នកឯងត្រូវតែទទួលស្គាល់»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយសារអ្នកឯង (ប្រទេសថៃ) មិនទទួលស្គាល់ផែនទី ដែលបានចុះកិច្ចព្រមព្រៀង បារាំង-សៀម អមដោយផែនទី កាលពីឆ្នាំ១៩០៧ នាពេលនោះ ហើយមកគូសផែនទីដោយខ្លួនឯងនេះ ទើបធ្វើឱ្យមានរឿងជម្លោះនេះបានកើតឡើង ដែលបានបង្ករវិនាសកម្មសម្រាប់ប្រជាជនកម្ពុជា ដែលបានធ្វើឱ្យស្ត្រីមានផ្ទៃពោះ មនុស្សចាស់ ជនមានពិការភាព ត្រូវរត់ភៀសខ្លួនចេញពីតំបន់មានជម្លោះដូចនេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែម បញ្ហាជម្លោះដែលនាំឱ្យមានការជម្លៀសប្រជាជននេះ កម្ពុជាមិនចង់បាននោះទេ ហើយសម្តេចជឿជាក់ថា ប្រជាជនថៃក៏មិនចង់បានដូចគ្នាផងដែរ ក៏ប៉ុន្តែបែជាមានជនល្មោម សង្គ្រាមមួយក្រុមតូច ដែលចង់ធ្វើឱ្យមានសង្គ្រាមនេះកើតឡើង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ជនល្មោមសង្គ្រាមដែលចង់ធ្វើឱ្យមានសង្គ្រាមនេះ កើតឡើងចេញជម្លោះនយោបាយនៅក្រុងបាំងកក ប្រទេសថៃ បានផ្ទេរជម្លោះមកកាន់ព្រំដែនកម្ពុជា-ថៃ មិនមែនកម្ពុជាល្ងង់ដែលមិនដឹងរឿងនោះទេ៕