(កណ្តាល)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការអនុវត្តច្បាប់របស់មន្ត្រីនគរបាល គឺជារឿងត្រឹមត្រូវ ប៉ុន្តែ ការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ជារឿងដ៏ចាំបាច់ដើម្បីឆ្លើយតបនឹងភារកិច្ចបម្រើបប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងទទួលបានការគោរពពីសំណាក់មហាជន។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ការបណ្តុះបណ្តាលផ្នែក គឺក្រមសីលធម៌ វិជ្ជាជីវៈ ដល់កងនគរបាលជាតិ ដូចខ្ញុំនិយាយអ៊ឹចឹង មិនមែនត្រឹមតែអនុវត្តច្បាប់តាមគោលដៅប្រឆាំងឧក្រិដ្ឋជននោះទេ ប៉ុន្តែ យើងបម្រើសេវាជូនប្រជាជនរាល់ថ្ងៃ អ៊ឹចឹងការសម្រេចចិត្ត គឺសំខាន់ ត្រូវយល់ដឹងពីច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការអនុវត្ត»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ននេះ គឺជាសម័យរីកចម្រើនផ្នែកបណ្តាញសង្គម ដូច្នេះ ប្រសិនបើមន្ត្រីនគរបាលអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានល្អ សម្រាប់បម្រើប្រជាពលរដ្ឋនោះនឹងត្រូវបានប្រជាពលរដ្ឋ ថតបង្ហោះរិះគន់នៅតាមបណ្តាញសង្គមជាមិនខាន។ ត្រង់ចំណុចនេះ មន្ត្រីនគរបាលត្រូវតែមានភាពច្បាស់លាស់ ក្នុងពេលបំពេញភារកិច្ច តួនាទីរបស់ខ្លួន។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តរបស់មន្ត្រីនគរបាល តាមច្បាប់ គឺជាភារកិច្ចដ៏ត្រឹមត្រូវ ដើម្បីបំពេញភារកិច្ច និងតួនាទីដែលបានប្រគល់ជូន ក៏ប៉ុន្តែ មន្ត្រីនគរបាលត្រូវតែមានក្រមសីលធម៌ វិជ្ជាជីវៈ មានភាពបត់បែន ទន់ភ្លន់ ប៉ុន្តែ មានភាពម៉ឹងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។ ឧទាហរណ៍ករណីអ្នកបើកបរប្រញាប់នាំប្រពន្ធទៅមន្ទីរពេទ្យ ឬមានរថយន្តសង្គ្រោះបន្ទាន់ត្រូវឆ្លងកាត់ ដូច្នេះ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ត្រូវចេះវាយតម្លៃឱ្យបានច្បាស់លាស់ ដើម្បីសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការជួយសម្រួលលើការងារចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសការជួួយសង្គ្រោះអាយុជីវិតអ្នកជំងឺជាដើម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការគិតគូរទាំងផ្នែករឹង និងផ្នែកទន់ គឺជាកិច្ចការងារសំខាន់ខ្លាំងណាស់សម្រាប់មន្ត្រីអនុវត្តច្បាប។ ត្រង់ចំណុចនេះមន្ត្រីនគរបាលទាំងអស់ ត្រូវចេះសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែងជាដើម៕