(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានបង្ហាញការសង្ឃឹមថា នៅទីក្រុងបាងកក នឹងមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មី យ៉ាងយូរប្រមាណ៣ខែទៀត ដែលជានាយករដ្ឋមន្រ្តី ដែលកែសម្រួលក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃបាន។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ជម្លោះផ្ទៃក្នុងរបស់ថៃ បានរាលដាលក្លាយជាជម្លោះព្រំដែនជាមួយកម្ពុជា។ បញ្ហានេះ គឺជាទម្លាប់ធម្មតានោះទេ នៃនយោបាយរបស់ថៃ។ ត្រង់ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកជិតខាងកម្ពុជា គឺមិនមែនសុទ្ធតែមានគំនិតអាក្រក់ជាមួយកម្ពុជានោះទេ គឺមានតិចតួចណាស់ ដែលមានមហិច្ឆតាជ្រុលនិយម បំផ្លាញកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សង្ឃឹមថា នៅទីក្រុងបាងកកនឹងមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ខ្ញុំគិតថាសម្រាប់ខ្ញុំ គឺប្រមាណជា ៣ខែទៅចុះនឹងមាននាយករដ្ឋមន្ត្រីថ្មី ក៏ប៉ុន្តែ បើតាមសភាពការណ៍អាចមិនដល់៣ខែទៀតផង ក៏អាចថាបាន»

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា អតីតនាយកមន្ត្រីដែលចេញពីយោធា មកដឹកនាំប្រទេសថៃ ជិត១០ឆ្នាំ គឺមិនដែលមានបញ្ហាណាមួយជាមួយប្រទេសកម្ពុជានោះឡើយ។ ដូច្នេះ យើងត្រូវចងចាំថា យើងត្រូវដាក់គោលដៅសម្រាប់ដោះស្រាយរយៈពេលវែង ហើយនៅក្នុងស្ថានភាពនេះវិបត្តិតែបង្កប់នូវកាលានុវត្តភាពរបស់វា៕