(កោះកុង)៖ ក្រោយទទួលដំណឹងភ្លាមថា ពលករខ្មែរម្នាក់ បានសម្រាលកូនមិនគ្រប់ខែ ទើបតែបាន១ថ្ងៃ ត្រូវបានបញ្ជូនត្រលប់មកកម្ពុជាវិញ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ទាំងយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥, ន្ទីរពេទ្យបង្អែកខេត្ដកោះកុង បានបញ្ចេញរថយន្ដគិលានសង្គ្រោះ ដើម្បីត្រៀមចាំទទួលម្ដាយ និងទារក។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ មកទល់ពេលនេះ ទារកកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្ដកោះកុង ដែលក្រុមគ្រូពេទ្យបានមើលថែយ៉ាងយកចិត្ដទុកដាក់។
លោកបានបន្ដ «ដោយសារតែទារកកើតមិនគ្រប់ខែ ទម្ងន់មិនដល់ ១គីឡូ ខណៈដែលទារកធម្មតា ២គីឡូកន្លះឡើងទៅ។ ក្រុមគ្រូពេទ្យយើង កំពុងនៅតែបន្ដតាមដានសុខភាពគាត់ជាប់ជានិច្ច»។
សូមជម្រាបថា ទារកកើតមិនគ្រប់ខែ កើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ ត្រូវបានបញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ ដោយសារកូនកើតមិនគ្រប់ខែ (អាយុ ២៩ សប្តាហ៍ ទម្ងន់៩០០ក្រាម ) និងគ្មានលទ្ឋភាពបង់សេវាថែទាំ ព្យាបាល ដោយឪពុកម្ដាយជាពលករធ្វើការនៅប្រទេសថៃ ។ពេលទទួលបានដំណឹងនេះភ្លាម នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទៅទទួលគាត់មកព្យាបាលបន្តនៅក្នុងមន្ទីរពេទ្យ ដែលគោរព និងអនុវត្តន៍តាមអនុសាសន៏របស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល «ទុក្ខព្រួយរបស់អ្នកជំងឺ គឺជាទុក្ខព្រួយរបស់គ្រូពេទ្យ»៕