(ភ្នំពេញ)៖ លោកស្រី ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ដើម្បីផ្តល់កិច្ចគាំពារសង្គមដល់គ្រួសាររងគ្រោះ និង ងាយរងគ្រោះ ក្រសួងសហការជាមួយអង្គការទំនុកចិត្តកុមារកម្ពុជា បានរៀបចំបង្កើត សៀវភៅណែនាំ នីតិវិធីប្រតិបត្តិស្តីពីការពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ ដោយមានការចូលរួមផ្តល់ធាតុចូល និងពិនិត្យកែសម្រួលពីក្រសួង ស្ថាប័ន មន្ទីរសង្គមកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកអនុវត្តផ្ទាល់ និងអ្នកពាក់ព័ន្ធនានាតាមរយៈកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាជា ច្រើនលើក។ លោកស្រី បានលើកឡើងបែបនេះ ខណៈអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ សៀវភៅណែនាំនីតិវិធីប្រតិបត្តិស្តីពីការពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
លោកស្រីបានបន្តថា ការបង្កើតសៀវភៅណែនាំនេះ ក្នុងគោលបំណង ពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសារ រងគ្រោះ និងងាយរងគ្រោះ, បំពេញតម្រូវការមូលដ្ឋានសម្រាប់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ដើម្បីរក្សាកុមារនៅក្នុងគ្រួសារ និងគាំទ្រដល់សមាជិកគ្រួសារដែលមានពិការភាព ចាស់ជរា មានជំងឺ ទប់ស្កាត់ចំណាកស្រុក អំពើហិង្សាក្នុងគ្រួសារ និងទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកទាំងស្រុង លើការឧបត្ថម្ភ និងជំនួយសង្គមដែលផ្តល់ដោយរដ្ឋាភិបាល ដៃគូ អភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងឯកជន, កាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ សហគមន៍ និង សង្គម ។
ក្នុងស្មារតីនេះ លោកស្រី ប្រុក ម៉ៃកន្និដ្ឋា សូមធ្វើការអំពាវនាវ ដូចតទៅ៖
១៖ ក្រសួងមានគម្រោងពង្រីកគម្រោងការពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរង គ្រោះក្នុងសហគមន៍ទៅកាន់ខេត្តចំនួនបួនបន្ថែមទៀត តាមរយៈការគាំទ្រពីអង្គការទំនុកចិត្តកុមារកម្ពុ ជា ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួង ដែលនឹងបង្កឱ្យមានការផ្លាស់ប្តូរដ៏ធំមួយនៅ ក្នុង វិស័យអភិវឌ្ឍន៍អន្តរជាតិ។
២៖ ស្របតាមការដាក់ឱ្យដំណើរការ SOP ថ្មី ក្រសួងសូមអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបា លជាតិ-អន្តរជាតិប្រតិបត្តិការក្នុងគម្រោងកម្មវិធីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅកម្ពុជា សូមចូលរួម អនុវត្តតាមគម្រូគម្រោងការពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍ ដោយប្រតិបត្តិការនៅក្នុងប្រព័ន្ធសាធារណៈ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ សហគមន៍ និងសង្គម ក្រោមការដឹកនាំនិងការសម្របសម្រួលរបស់រដ្ឋាភិបាលជាជាងតាមរយៈកម្មវិធី ឯកជនដែលដំណើរការដោយឡែកៗគ្នាហើយស្ថិតនៅក្រៅប្រព័ន្ធសាធារណៈរបស់ជាតិ។
៣៖ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមានគោលបំណងពង្រីកគម្រោងការពង្រឹងភាពធន់សេដ្ឋកិច្ច គ្រួសាររងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍នៅទូទាំងប្រទេស ដើម្បីឱ្យគម្រោងនេះធានាបាន និរន្តរភាពរយៈពេលវែង ក្រសួងត្រូវការបណ្តាអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ជួយបង្វែរទិសដៅមូលនិធិសម្រាប់ការអភិវឌ្ឍន៍ទូទៅ មកចូលរួមវិនិយោគរួមគ្នាជាមួយគម្រោងការ ពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍ ជាគម្រោងកម្មវិធីមួយផ្នែក ដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយឬសគល់នៃភាពក្រីក្ររបស់គ្រួសារ រងគ្រោះនិងងាយរងគ្រោះឱ្យមានកម្រិតជីវភាពល្អប្រសើរ។
៤៖ សូមបន្តការផ្សព្វផ្សាយពីនីតិវិធីប្រតិបត្តិស្តីពីការពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និង ងាយរងគ្រោះក្នុងសហគមន៍ឱ្យបានទូលំទូលាយ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអង្គការដៃគូដែលកំពុងប្រតិបត្តិការផ្តល់កិច្ចគាំពារសង្គមទៅដល់គ្រួសារនៅសហគម ន៍បានយល់ជ្រួតជ្រាប និងចូលរួមអនុវត្ត។
លោក អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា បានលើកឡើងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានភារកិច្ចរៀបចំយន្តការដើម្បីឱ្យគ្រួសារ ក្រីក្រ មានជម្រក រស់នៅសមរម្យ ផ្តល់សេវាគាំពារគ្រួសារដោយបង្កើតមុខរបរ បណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈផ្សេងៗ អប់រំគ្រួសារបែបវិជ្ជមាន លើកកម្ពស់តម្លៃស្ត្រី អប់រំសីលធម៌សង្គមគ្រួសារ និងទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ រៀបចំលក្ខណវិនិច្ឆ័យ កំណត់អត្តសញ្ញាណជនក្រីក្រ និងផែនការសកម្មភាព ដើម្បីគាំទ្រ និងចូលរួមអនុវត្តកម្មវិធីគាំពារគ្រួសារក្រីក្រ រងគ្រោះ និងក្រុមគ្រួសារងាយរងគ្រោះ។
លោកបានបន្តថា ការបង្កើតសៀវភៅណែនាំនីតិវិធី ប្រតិបត្តិនេះឡើង ដើម្បីរួមចំណែកដោះស្រាយភាពក្រីក្ររបស់ពលរដ្ឋ ដែលរាជរដ្ឋាភិបាលបានដាក់ ចេញនូវគោលដៅជាច្រើនមានដូចជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា Cambodia Sustainable Development Goals (គ.អ.ច.ក) ឆ្នាំ២០១៦-២០៣០ ជាពិសេសលើគោលដៅ ពាក់ព័ន្ធនឹងការអភិវឌ្ឍមនុស្សមានគោលដៅជាអាទិ៍៖
-គោលដៅទី១៖ បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង ដោយកាត់បន្ថយយ៉ាងតិចពាក់ កណ្តាលនូវសមាមាត្រនៃប្រជាជនកម្ពុជារស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រ ១១.៥% នៅឆ្នាំ២០៣០ និង សមាមាត្រនៃជនក្រីក្រ និងងាយរងគ្រោះដែលទទួលបានសេវាជំនួយសង្គម ២៥% នៅឆ្នាំ ២០៣០។
-គោលដៅទី២៖ បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យស្ថានភាពអាហា រូបត្ថម្ភមានភាពប្រសើរឡើង និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព ដោយកំណត់ប្រេវ៉ាឡង់ខ្វះ អាហារូបត្ថម្ភ (ប្រជាជន) ១០.២៤% នៅឆ្នាំ២០៣០៕