(បាត់ដំបង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់ឲ្យតំណាងប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោកស្រី កែវ សុភាព សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ នៃកងទ័ពជើងគោក ដែលបានទទួលមរណភាពនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧២ឆ្នាំ។

ស្ថិតក្នុងពេលវេលាដ៏ក្រៀមក្រំនេះ លោកស្រី កែវ សុភាព បាននាំយកនូវថវិកា និងសារលិខិតចូលរួមរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនក្រុមគ្រួសារ នៃសពដែលខ្លឹមសារទាំងស្រុងថា៖

«ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ក្នុងនាមខ្ញុំផ្ទាល់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរព ស្រឡាញ់ស្មើជីវិតដែលប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃថ្លៃថ្លា ចំពោះកូន ចៅ សាច់ញាតិ និងក្រុមគ្រួសារទាំងអស់។

ការលាចាកលោកនេះរបស់ ឧត្តមសេនីយ៍ទោ ជាការបាត់បង់នូវវីរយុទ្ធជនដ៏ឆ្នើមមួយរូប នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហាន ក្នុងបេសកកម្មរួមចំណែកការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងសមានទុក្ខដ៏ក្ដុកក្ដួលបំផុតនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕