(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន អេមរុរ៉ាយស៍ បានចុះហត្ថលេខាលើកិច្ចសហការ “ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីជម្រុញផលិតកម្មស្រូវអង្ករនៅកម្ពុជា” នាល្ងាចថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង និង លោកឧកញ៉ា សុង សារ៉ន អគ្គនាយក ក្រុមហ៊ុន អេមរុរាយស៍ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លោក លោកស្រី តំណាងសហគមន៍កសិកម្ម និងបងប្អូនកសិករទូទាំងប្រទេស។

កិច្ចសហការរវាង ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន អេមរុរ៉ាយស៍ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ជូននូវប្រាក់កម្ចីអាជីវកម្ម ដែលមានអត្រាការប្រាក់សមរម្យ មានភាពងាយស្រួល និងភាពបត់បែន ជូនដល់បងប្អូនដៃគូពាណិជ្ជកម្ម អតិថិជនក្នងសហគម៍កសិកម្ម និងប្រជាកសិករនៅតាមបណ្តាខេត្តក្រុងនានាដែលស្ថិតនៅក្រោមបណ្តាញរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ ដើម្បីបង្កើនផលិតកម្មក្នុងស្រុក និងជម្រុញការនាំចេញស្រូវអង្ករខ្មែរឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពទៅក្នុងទីផ្សារអន្តរជាតិ។

យោងតាមប្រសាសន៍របស់អគ្គនាយកធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង «ខ្ញុំមានសុទិដ្ឋិនិយមថាកិច្ចសហការមួយនេះនឹងជាចំណុចផ្ទួចផ្តើមសំខាន់ ដែលចូលរួមចំណែកពង្រឹងឆ្អឹងខ្នងកសិកម្មរបស់កម្ពុជា បង្កើនទិន្នផល និងប្រាក់ចំណូលជួយដល់ជីវភាពប្រជាកសិករឱ្យកាន់តែល្អប្រសើរ ក៏ដូចជាបង្កើតឱកាសការងារបន្ថែម ដល់សមាគមន៍កសិករដែលស្ថិតក្រោមបណ្តាញរបស់ក្រុមហ៊ុន អេមរុរាយស៍ ដើម្បីពង្រីក និងជម្រុញអាជីវកម្មលើផលិតកម្មស្រូវអង្ករនៅប្រទេសកម្ពុជា»

ជាមួយគ្នានេះដែរ លោកឧកញ៉ា សុង សារ៉ន ក៏បានមានប្រសាន៏ថា «ពិធីចុះហត្ថលេខាជាមួយធនាគារ ជីប ម៉ុង សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីជម្រុញផលិតកម្មស្រូវអង្ករនៅកម្ពុជា បង្ហាញឱ្យឃើញអំពីការបោះជំហានទៅមុខ ក្នុងការដោះស្រាយបញ្ហាប្រឈមជាមូលដ្ឋាននេះ។ កិច្ចសហប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាពិសេសដើម្បីជួយដល់ សហគមន៍កសិកម្ម និងកសិករ ជាមួយនឹងលទ្ធភាពទទួលបានកាន់តែច្រើននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលសមស្រប ដែលអាចឱ្យពួកគេវិនិយោគប្រកបដោយទំនុកចិត្តនាពេលអនាគត និងបង្កើនផលិតភាពបន្ថែមទៀត»

គួរបញ្ជាក់ថា កិច្ចសហការដ៏មានអត្ថន័យនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៅអ្នកតំណាងសហគមន៍កសិកម្ម និងបងប្អូនកសិករទូទាំងប្រទេសដែលស្ថិតក្រោមបណ្តាញរបស់ក្រុមហ៊ុន អេមរុរាយស៍ អាចទទួលបានប្រាក់កម្ចីទាន់ពេលវេលា ដោយមានមន្រ្តីឥណទានរបស់ធនាគារ ជីប ម៉ុង ចុះទៅជួបអតិថិជនផ្ទាល់ដល់ទីកន្លែង ព្រមទាំងផ្តល់ការប្រឹក្សាម៉ត់ចត់និងច្បាស់លាស់ ណែនាំជូនអតិថិជន ឱ្យប្រើប្រាស់កម្ចីបានចំគោលដៅ ហើយនៅក្នុងបរិមាណដែលសមស្រប ដើម្បីពង្រឹងវិស័យផលិតកម្មស្រូវអង្ករឲ្យកាន់តែរីកចម្រើន។

សម្រាប់ព័ត៌មានលម្អិតអំពីការស្នើកម្ចីសម្រាប់អាជីវកម្មនៅធនាគារ ជីប ម៉ុង អតិថិជនអាចអាចទំនាក់ទំនងទៅកាន់លេខ៖

០៨១ ៨១១ ៩១១ ឬ ០៦៦ ៨១១ ៩១១។ សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
Facebook Page: https://www.facebook.com/chipmongbank
Telegram Channel: https://t.me/chipmongcommercialbank
TikTok Page: https://www.tiktok.com/@chipmongbank៕