(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជំរុញឲ្យអភិបាល-អភិបាលរងស្រុកចំនួន២ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី បន្តរួមគ្នាថែក្សា សន្តិភាព ស្ថិរភាពនយោបាយ ស្ថិភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍមូលដ្ឋានស្រុកកូនមុំ ខេត្តរតនគិរីរបស់យើង ឱ្យកាន់តែមាន

ការរីកចម្រើន លើគ្រប់វិស័យបន្តទៀត។

ការជំរុញយ៉ាងដូច្នេះ របស់លោក ញ៉ែម សំអឿន ក្នុងឱកាសដែល លោកអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល-អភិបាលរង ស្រុកកូនមុំ និងស្រុកលំផាត់ ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅសម្រេចឲ្យ បាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានគោលដៅចម្បង រក្សាសុខ សន្តិភាព កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ប្រជាជន។

ផ្អែកលើទិសដៅការងារជាអាទិភាពគន្លឹះទាំង៥ខាងលើនេះ លោក ញ៉ែម សំអឿន បានផ្តល់នូវអនុសាសន៍លើកិច្ចការសំខាន់ៗមួយ ចំនួនដែលអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី ត្រូវយកចិត្តទុកដាក់ខិតខំរួមគ្នាប្តេជ្ញា ចិត្តអនុវត្តឲ្យសម្រេចបានលទ្ធផលល្អប្រសើរ និងការបន្តថែរក្សា និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងការងារសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ពិសេសត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅ ទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ងបង្កឲ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គមនិងជំរុញ និងបំផុលចលនាឲ្យមានការចូលរួមអនុវត្ត នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោក ញ៉ែម សំអឿន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណអភិបាល ស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ នៃស្រុកកូនមុំ និងស្រុកលំផាត់ កន្លងមកបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការ បំពេញតួនាទី ភារកិច្ច ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការ ធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅ រកវិបុលភាព និងការអភិវឌ្ឍ រីកចម្រើនប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកជឿជាក់ថា លោកអភិបាល-អភិបាលរងស្រុកទាំងពីរ ដែលទើប នឹងទទួល មុខតំណែងថ្មីនេះ ខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៏ ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានស្រុកកូនមុំ និងស្រុកលំផាត់ ឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

សូមបញ្ជាក់ថា តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រេច៖
* ផ្ទេរភារកិច្ច លោក នូ ថេ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ពីអភិបាលនៃគណៈអភិបាលស្រុកលំផាត់អោយកាន់មុខតំណែងជាអភិបាលនៃគណអភិបាលស្រុកកូនមុំ។
* ប្រកាសតែងតាំង លោក កិ សុគា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ អោយកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកលំផាត់។
* ផ្ទេរភារកិច្ចលោកសេក ហៃ ពីអភិបាលនៃគណៈអភិបាលស្រុកកូនមុំ ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តរតនគិរី។
* ផ្ទេរភារកិច្ច លោក ស៊ូ ផល្លី ពីអភិបាលរង ស្រុកលំផាត់ ទៅជាអភិបាលរងស្រុកកូនមុំ៕