(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជំនាញ រវាងនគរបាលសហព័ន្ធអូស្ត្រាលី និងនគរបាលជាតិកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន បានអន្តរាគមន៍ជួយយុវជនម្នាក់ ជនជាតិចិនហុងកុង ដែលត្រូវបានក្រុមឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធអនឡាញ ដែលមានអង្គការចាត់តាំងនៅបរទេស បោកបញ្ឆោតឱ្យចូលមកកម្ពុជា ធ្វើសកម្មភាពសម្តែងជាជនរងគ្រោះ ដោយអំពើចាប់ជំរិត ដើម្បីទាមទារប្រាក់ពីក្រុមគ្រួសារ តាមឧបាយកលបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន។

តាមសេចក្ដីប្រកាសព័ត៌មាន រ​បស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ L.W.T អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចរកឃើញនៅសណ្ឋាគារមួយកន្លែងក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងស្ថានភាពរស់នៅ និងស្នាក់នៅធម្មតា មិនមានសញ្ញាណរងគ្រោះដោយសារ អំពើបង្ខាំង ធ្វើទារុណកម្ម ឬការចាប់ពង្រត់ណាមួយនោះឡើយ។

ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត និងការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនៅក្រៅ ប្រទេសកម្ពុជា បោកបញ្ឆោត និងគម្រាមជនរងគ្រោះថា កំពុងស្ថិតក្រោមការ ស៊ើបអង្កេតរបស់សមត្ថកិច្ចចិន ពាក់ព័ន្ធបទល្មើសឆបោក និងសម្អាតប្រាក់ ដែលតម្រូវឱ្យចាកចេញពីប្រទេសអូស្ត្រាលី ធ្វើដំណើរទៅ ប្រទេសជប៉ុនដើម្បីរៀបចំសកម្មភាពសម្តែង និងថតវីដេអូ ផ្ញើទៅឪពុកម្តាយថាខ្លួន ត្រូវបានក្រុមឧក្រិដ្ឋជនចាប់ជំរិត ដើម្បីយកប្រាក់ទាំងនោះ មកដោះស្រាយបញ្ហាដែលខ្លួន ត្រូវបានសមត្ថកិច្ចកំពុងស៊ើបអង្កេត។

មុនមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះបានថតវីដេអូសម្តែងថា ខ្លួនកំពុងត្រូវបានចាប់ជំរិតរួចទៅហើយ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងប្រទេសជប៉ុន និងបានប្រគល់ទូរស័ព្ទរបស់ខ្លួនឱ្យទៅក្រុមឧក្រិដ្ឋជន យកទៅទំនាក់ទំនងជាមួយឪពុកម្តាយរបស់ខ្លួន ដើម្បីជំរិតគម្រាមទារប្រាក់ ចំនួនប្រាំលានដុល្លារហុងកុង ស្មើនឹងប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក។

បន្ទាប់ពីបានឃើញវីដេអូចាប់ជំរិត កូនរបស់ខ្លួន ឪពុកម្តាយរបស់ជនរងគ្រោះបានផ្ញើប្រាក់ចំនួន បួនម៉ឺនដុល្លារហុងកុង ស្មើនឹងប្រមាណ ៥,៥០០ដុល្លារអាមេរិក ទៅឱ្យក្រុមឧក្រិដ្ឋជន និងធ្វើការប្តឹងទៅសមត្ថកិច្ច។ ក្រោយមានការសង្ស័យថា សមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវ ក្រុមឧក្រិដ្ឋជនបានឱ្យជនរងគ្រោះប្តូរទីតាំង ដោយធ្វើដំណើរមកប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរត់គេចពីការតាមចាប់។

សកម្មភាពឆបោក និងគម្រាម ជំរិតទារប្រាក់នេះ ធ្វើឡើងដោយក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំង ដែលមានបណ្តាញធ្វើសកម្មភាពនៅ ប្រទេសជប៉ុន ហើយបានប្រើប្រាស់គណនីធនាគារដែលមានមូលដ្ឋាន នៅប្រទេសចិនសម្រាប់ទទួលផលបទល្មើស។ ជនជាតិចិនហុងកុងខាងលើ នឹងត្រូវបញ្ជូនទៅប្រទេសអូស្ត្រាលីវិញតាមការស្នើសុំរបស់នគរបាលសហព័ន្ធអូស្ត្រាលី ក្រោយពេលសមត្ថកិច្ចកម្ពុជាបញ្ចប់នីតិវិធី។

ចំពោះករណីនេះ នគរបាលជាតិកម្ពុជានឹងបន្តសហការជាមួយនគរបាលសហព័ន្ធអូស្ត្រាលី ដើម្បី កំណត់មុខសញ្ញា និងឈានទៅដល់ការចាប់ខ្លួនក្រុមឧក្រិដ្ឋជនទាំងអស់ យកមកអនុវត្តទោសតាមច្បាប់នៃ ប្រទេសនីមួយៗ។

ឆ្លៀតក្នុងឱកាសនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ សូមមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះរាល់ឧបាយកលផ្សេងៗ របស់ក្រុមឧក្រិដ្ឋជន ដែលព្យាយាមអូសទាញឱ្យចូលអន្ទាក់ តួយ៉ាងដូចជាករណីខាងលើនេះ និងបញ្ជាក់ថាករណីឆបោកនេះ មានសញ្ញាណកើតឡើងនៅជុំវិញពិភពលោក មិនថាប្រទេសមហាអំណាច ឬប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ៕