(ភ្នំពេញ)៖ លោក អ៉ី សានណាសៀត អតីតសមាជិកក្រុមប្រឹក្សាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងជាបច្ចុប្បន្នជាអនុប្រធានចលនាសង្គ្រោះជាតិ ប្រចាំប្រទេសម៉ាឡេស៉ី បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន មេត្តាអភ័យរាល់កំហុសឆ្គងដែលលោកបានប្រព្រឹត្តកន្លងមក តាមការអូសទាញញុះញង់ពីសំណាក់មេដឹកនាំប្រឆាំងក្រៅច្បាប់ ដែលតែងតែធ្វើឱ្យមានអស្ថិរភាពសង្គម បំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលកំពុងដើរតាមការអូសទាញរបស់ទណ្ឌិត សម រង្ស៊ី សូមដើរចេញ និងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចម្រើនក្រោមម្លប់សន្តិភាព។

លោកក៏បានបញ្ជាក់ឱ្យកាន់តែច្បាស់ពីមូលហេតុ ដែលលោកបានសម្រេចចិត្តដើរចេញពីគណបក្សប្រឆាំងដោយសារតែលោកបានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់ ទណ្ឌិត សម រង្ស៉ី ជាក់ស្តែងនៅពេលបច្ចុប្បន្ននេះ នៅពេលដែលប្រទេសកម្ពុជា ត្រូវបានកងទ័ពថៃ ធ្វើការឈ្លានពានមកលើអធិបតេយ្យរបស់កម្ពុជា និងបានប្រមាថមើលងាយមកលើកម្ពុជាជាច្រើន។

ប៉ុន្តែផ្ទុយទៅវិញបែរជាបុគ្គល សម រង្ស៉ី បែរជាយកព្រឹត្តិការណ៍ឈ្លានពានរបស់ថៃ វាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ដែលបានកំពុងគិតគូរ ថែរក្សាការពារទឹកដី ពីបរទេសឈ្លានពានទៅវិញ។

លោកបានបង្ហាញពីការហួសចិត្តចំពោះទង្វើដ៏សែនអាក្រក់របស់ទណ្ឌិត សម រង្ស៉ី បែរជាមានគោលបំណងគាំទ្រទង្វើឈ្លានពានរបស់ថៃ មកលើប្រទេសកម្ពុជា។ ចំណុចដ៏អាក្រក់របស់ទណ្ឌិត សម រង្ស៉ី បានព្យាយាមយកចិត្តសត្រូវ ដើម្បីបំពេញបំណងមហិច្ឆតានយោបាយក្បត់ជាតិរបស់ខ្លួនថែមទៀតផង៕