(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា កម្ពុជា-ថៃ មានទំនាក់ទំនងម្យ៉ាងប្លែកពីប្រទេសដ៏ទៃគឺ ទំនាក់ទំនង «ស្រឡាញ់-ស្អប់» ដែលទំនាក់ទំនងបែបនេះរវាងប្រទេសទាំង២ បានកើតមានឡើងជាង៥០០ឆ្នាំមកហើយ ហើយនឹងបន្តទៅអនាគតបន្តទៀត។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត យង់ ពៅ មកកាន់បណ្ដាញព័ត៌មាន Fresh News។

បើតាមការបញ្ជាក់ពីអ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះគឺ ទំនាក់ទំនងស្រឡាញ់ស្អប់ នេះកើតចេញពីកក្តា៣យ៉ាងរបស់ភាគីថៃ ដែលនៅក្នុងនោះមានដូចជា៖ ទី១. ឥរិយាបថច្រឡោងខាមជាតិសាសន៍ថៃ (បន្តពីសៀម) ដែលតែងតម្កើងខ្លួនឯងជាជាតិសាសន៍លើសគេក្នុងតំបន់, ទី២. មេរៀនប្រវត្តិសាស្ត្រថៃ សម្រាប់វិស័យអប់រំ បានបំភ្លៃខុសការពិត នាំឱ្យជាតិសាសន៍នេះយល់ច្រឡំខ្លួនឯងធ្ងន់ធ្ងរ, និងទី៣. ប្រព័ន្ធដឹកនាំរដ្ឋស្មុគស្មាញ នាំទៅដល់ការបង្កើចរន្តនយោបាយជាតិនិយមជ្រុល ស្អប់ជាតិសាសន៍ក្បែរខាង។

ទាំងនេះបានបណ្ដុះមនសិការពួកគេ (ប្រជាជនថៃ) មិនឱ្យតម្លៃសច្ចភាពប្រវត្តិសាស្ត្រ មិនគោរពច្បាប់អន្តរជាតិ និងបានបង្កជម្លោះនៅតាមបណ្ដាព្រំដែន ក្នុងន័យពង្រីកទឹកដី។ ដូច្នេះការដែលកម្ពុជាសម្រេចចិត្តនយោបាយមួយចំនួនលើការនាំចូលប្រេងឥន្ធៈ និងទំនិញផ្សេងៗទៀតពីប្រទេសថៃ គួរតែរៀបបែបផែនសង្វាក់ផលិតកម្មថ្មី រឹងមាំ ដើម្បីធានានិរន្តរភាពជាតិ និងសេដ្ឋកិច្ចសម្រាប់ពេលអនាគត ព្រោះដូចបានលើកឡើងខាងលើ «ទំនាក់ទំនងស្រឡាញ់ស្អប់» នឹងបន្តទៅមុខទៀត៕