(សៀមរាប)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារ និងនាំយកអំណោយមនុស្សធម៌ ដែលរួមមានៈ ឱសថ គ្រឿងបរិក្ខារពេទ្យ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ស្ថិតនៅសាលាខេត្តសៀមរាប។
ជាកិច្ចចាប់ផ្តើម ក្នុងឱកាសនៃជំនួបពិភាក្សាការងារនាពេលនោះ លោក ម៉ម ប៊ុននាង បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរសព្វសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការគ្រប់ជាន់ និងប្រជាពលរដ្ឋនៃខេត្ត សៀមរាបទាំងអស់។
លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺជាចំណែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា រវាងព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល សម្រាប់ជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋខេត្តសៀមរាប។ ឯកឧត្តមប្រធានបានមានប្រសាសន៍បន្តថា អំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានផ្តល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ចំនួន០២លើកមកហើយ ដែលអំណោយលើកទី១ ក្នុងទំហំទឹកប្រាក់៧០ម៉ឺនដុល្លារអាមេរិក ហើយនឹងបន្តផ្តល់ជូនដល់រដ្ឋបាលខេត្តសៀមរាបជាបន្តបន្ទាប់ទៀត ក្នុងទំហំទឹកប្រាក់ ៥លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ(២០២៤-២០២៥)។ ជាមួយគ្នានេះ គណៈកម្មការទី១០ ព្រឹទ្ធស ភា និងមូលនិធិចែករំលែកសង្គ្រោះជិវិតសកល នឹងបន្តផ្តល់ជំនួយមនុស្សធម៌ដូចគ្នានេះ ទៅដល់រដ្ឋបាលខេត្តកំពង់ស្ពឺខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តកំពត។
លោក យុន លីនណេ តំណាងរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងលោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកខេត្តសៀមរាប និងនាំយកជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា និងជាតម្រូវការដ៏ចាំបាច់ ផ្តល់ជូនដល់រដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តសៀមរាបយើងនាពេលនេះ។ លោកអភិបាលរងខេត្ត បានប្តេជ្ញានាំយកអំណោយមនុស្សធម៌ខាងលើទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភា តម្លាភាព និងគណនេយ្យភាព។
លោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដែលបាននាំយកអំណោយមនុស្សធម៌មកជួយដល់ប្រជាពលរដ្ឋខេត្តសៀមរាប។ ឯកឧត្តមប្រធានមូលនិធិ បានគូសបញ្ជាក់ថា ក្រៅពីជំនួយមនុស្សធម៌ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នឹងផ្តល់នូវជំនួយឥតសំណងផ្សេងទៀតក្រៅពីឱសថ និងឧបករណ៍វេជ្ជសាស្ត្រ។
លោក គីម ជុងណាម បានគូសបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែលលោកបានដឹកនាំគណៈ-ប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ មកទស្សកិច្ចនៅខេត្តសៀមរាបនេះ។ លោកនិងគណៈប្រតិភូ នឹងអញ្ជើញមកខេត្តសៀមរាបជាច្រើនលើកបន្តទៀត ដើម្បីចែករំលែកក្តីស្រលាញ់ តាមរយៈ សកម្មភាពមនុស្សធម៌ ចូលរួមដោះស្រាយការខ្វះខាតក្នុងវិស័យសុខាភិបាល ការអប់រំផ្នែកវេជ្ជសាស្ត្រ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនឱ្យកាន់តែប្រសើរ។
ក្រៅពីជំនួបពិភាក្សា និងប្រគល់អំណោយមនុស្សធម៌ជូនដល់រដ្ឋបាលខេត្តសៀមរាប គណៈប្រតិភូគណៈ-កម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញទស្សនាប្រាង្គប្រាសាទនានាក្នុងខេត្តសៀមរាប ដែលរួមមាន ប្រាសាទអង្គវត្ត ប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ និងស្រះស្រង់ផងដែរ៕