(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការយល់ដឹងពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ នៅសាលាខណ្ឌមានជ័យ។
ពិធីនេះ មានការចូលរួមពីលោក ញ៉ែម សំអាន អភិបាលរងខណ្ឌមានជ័យ,តំណាង អង្គការដៃគូ, លោក សាញ់ រស្មី បុគ្គលិកអង្គការដៃគូអភិវឌ្ឍលើវិស័យប្រឆាំងអំពើជួញដូរមនុស្ស និងការពារកុមារ, អាជីវករ និងសហការីជាច្រើនរូបផ្សេងទៀត។
ពិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមដល់បងប្អូនអាជីវករ ដើម្បីជ្រាបច្បាស់ពីអំពើជួញដូរផ្លូវភេទស្រ្តី និងកុមារ ជាពិសេសអំពីលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងអំពើអនីត្យានុកូលនេះ ទិសដៅលុបបំបាត់ បង្ក្រាប សកម្មភាពជួញដូរផ្លូវភេទ ដើម្បីគាំពារសិទ្ធិស្ត្រី និងកុមារក្នុងសង្គមជាតិ៕