(កំពង់ស្ពឺ)៖ ឬស្សីដែលដុះតាមទីធម្មជាតិ ដ៏សម្បូរបែបនៅ សហគមន៍ការពារធម្មជាតិចំបក់ ស្ថិតនៅក្នុងស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានក្លាយជាប្រភពរកចំណូលដ៏សំខាន់មួយទៀតរបស់បងប្អូនប្រជាពលរដ្ឋសម្រាប់រកចំណូលក្នុងក្រុមគ្រួសាររបស់ពួកគាត់។

ដើមឬស្សីតូចធំ និងពិសេសដើមឬស្សីឃ្លៃ ឬស្សីឃ្លិច ដែលជាប្រភេទឬស្សីរឹងមាំនោះកំពុងត្រូវបានក្រុមហ៊ុន កែច្នៃឬស្សីមកពីក្រៅប្រទេសប្រមូលទិញដើម្បី ធ្វើជាគ្រឿងសង្ហារឹម សម្រាប់នាំចេញ និងលើសពីនេះបានធ្វើការកែច្នៃកម្ទេចឬស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូងកសិកម្មថែមទៀតផង។

ដោយសារតែដើមឬស្សីមានតម្លៃល្អ និងមានតម្រូវការរៀងរាល់ថ្ងៃ ទើបធ្វើឱ្យបងប្អូនប្រជាសហគមន៍ការពារធម្មជាតិចំបក់បានរួមគ្នាអភិរក្សយ៉ាងយកចិត្តទុកដាក់ និងបាននាំគ្នាដាំបន្ថែមដើម្បីផ្គត់ផ្គង់ឱ្យក្រុមហ៊ុន ហើយការដាំឬស្សីឱ្យបានច្រើនវានឹងក្លាយជាគម្របព្រៃឈើ ដែលអាចស្រូបយកកាបូន ដែលធ្វើឱ្យតំបន់សហគមន៍ការពារធម្មជាតិ នឹងក្លាយជាសហគមន៍អព្យាក្រឹតកាបូនដ៏ពិតប្រាកដទៀតផង។

លោក ទូច ម៉ន ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់ បានប្រាប់ថានៅក្នុងផ្ទៃដីរបស់សហគមន៍គ្រប់គ្រងរាល់ថ្ងៃគឺមាន ៣,៣៨២ហិកតា ហើយក្នុងនេះមានផ្ទៃដីឬស្សី ១,២៦២ហិកតា។ ក្នុងចំណោមឬស្សីទាំងអស់មានឬស្សី៤មុខ ដែលផ្តល់នូវប្រាក់ចំណូលរបស់ប្រជាសហគមន៍ច្រើនបំផុតក្នុងចំណោមឬស្សីជិត២០ប្រភេទនេះ មានដូចជាឬស្សី ឃ្លៃ ឬស្សីឃ្លិច ឬស្សីព្រៃ និងឬស្សីទ្រនំ។

លោកថាគម្រោងគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានទាញដៃគូមកវិនិយោគនៅសហគមន៍ដោយផ្ទាល់តែម្តង។ដោយសារការវិនិយោគនៅកន្លែងនេះហើយទើបធ្វើឱ្យតម្លៃទីផ្សារឬស្សីមាននិរន្តភាព។ពេលនេះការ រកចំណូលពីឬស្សីខ្ពស់ណាស់ដែលពលរដ្ឋអាចប្រមូលខួបប្រាំង ខួបវស្សា។ ក្នុងនេះសហគមន៍បានកំណត់ច្បាស់លាស់ទៅតាមទីតាំងនីមួយៗដែលយើងត្រូវប្រមូលដោយក្នុងនេះបានកំណត់ឆ្នាំនេះត្រូវប្រមូលនៅទីតាំងណាមួយ និងឆ្នាំក្រោយប្រមូលនៅទីតាំងណាមួយទៀតជាដើម។

លោកចាត់ទុកថាការប្រមូលដោយច្ចេកទេសគឺបានជួយឱ្យឬស្សីមាននិរន្តភាពមែនទែន។ហេតុនេះហើយទើបឬស្សីត្រូវបានអភិរក្សយ៉ាងយកចិត្តទុកដាក់។ឬស្សីនេះដែរចាត់ទុកថាជាមុខរបរទី២យ៉ាងសំខាន់បន្ទាប់ពីកសិកម្មធ្វើស្រែ ចំការរបស់ពលរដ្ឋសហគមន៍។

លោក ទូច ម៉ន បាននិយាយថា៖ អ្នកទៅប្រមូលឬស្សីក្នុងមួយថ្ងៃយ៉ាងហោចណាស់បានថវិកាជិត៣០ដុល្លារ។ មួយបាច់តម្លៃ៥៥០០រៀល ក្នុងនេះមួយថ្ងៃប្រមូលបាន២០បាច់​ ក៏ឃើញលុយបានច្រើនដែរ។ក្រៅពីនេះប្រជាសហគមន៍បានធ្វើការឱ្យក្រុមហ៊ុន ដោយក្នុងនេះពួកគាត់អាចរកចំណូលតាមរយៈស្ងោរ និងពុតឬស្សី ដែលនេះជាប្រាក់ចំណូលរបស់ពួកគាត់តាមរយៈការធ្វើការងារឱ្យក្រុមហ៊ុនមួយផ្នែកទៀត»។

លោក Richard Dansey នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន leopaBamboo ដែលជាក្រុមហ៊ុនកែច្នៃឬស្សីមកពីក្រៅប្រទេសបានប្រាប់ថាឬស្សីដែលបានកែច្នៃនេះមានចំនួន២០ភាគរយ យកមកធ្វើជាគ្រឿង សង្ហារឹម ក្រៅពីនេះបានកែច្នៃធ្វើជាធ្យូង។សម្រាប់ធ្យូងឬស្សីនេះទៀតសោត វាក៏មានសារៈសំខាន់យ៉ាងច្រើនទៀតក្នុងនេះគេអាចប្រើវាក្នុងដំណាំកសិកម្ម និងម្យ៉ាងធ្យូងឬស្សីផ្ទុកដោយកាបូន ហើយវាអាចស្រូបទាញឧស្ម័នពុលផ្សេងៗពីបរិយាកាសបានទៀតផង។

លោកថាក្រៅពីបំលែងជាធ្យូងក្រុមហ៊ុនបានលាយធ្យូងនេះជាមួយសារជាតិមួយចំនួនទៀតសម្រាប់ធ្វើជាជីកសិកម្មជំនួសជីគីមី និងក៏បាននាំយកទៅដាក់តាមទីធម្មជាតិសម្រាប់ស្រូបទាញឧស្ម័នមានសារជាតិពុល។

លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធាន គម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានឱ្យដឹងថាសហគមន៍តំបន់ការពារធម្មជាតិបច្ចុប្បន្នមានចំនួន១៩៤សហគមន៍ ក្នុងនេះមាន៥៣សហគមន៍ ដែលមានដំណើរការផ្តល់សេវាទេសចរណ៍ធម្មជាតិ ហើយក្នុងចំណោមសហគមន៍ទាំង៥៣នេះដែរគឺមានចំនួន១៥សហគមន៍ដែលទទួលបានការគាំទ្រទាំងទេសចរណ៍ ការដាំស្តាព្រៃឈើ ការរកអនុផលព្រៃឈើ ការកែច្នៃឬស្សី ក្រវាញ។ គម្រោងនេះគឺឆ្លើយតបនឹងយុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន២០២៣-២០២៨។

ដោយឡែកលោក ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា នាពេលបច្ចុប្បន្ននេះពលរដ្ឋកម្ពុជាកំពុងតែពេញនិយមក្នុងការធ្វើដំណើរកម្សាន្តតំបន់ការពារធម្មជាតិ ដូច្នេះ ហើយតំបន់ការពារធនធានធម្មជាតិមានសក្តានុពលច្រើនសម្រាប់ពង្រីកគោលដៅលំហែបៃតង។ ក្រសួងបរិស្ថានតាមរយៈដៃគូផ្សេងៗទៀតបានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងនេះមានទាំងទឹកស្អាត បង្គន់អនាម័យ ជួយរៀបចំកន្លែងបោះតង់ សម្រាប់សម្រាកកម្សាន្តនៅតាមតំបន់សហគមន៍ក្នុងគោលដៅសម្រាប់គោលដៅកម្សាន្តលំហែបៃតង ឬទីលំហែបៃតង។ តាមរយៈជំរុញនេះដែរប្រជាសហគមន៍មានចំណូលកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅក្បែរឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រហែល ១០៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាទីល្បីឈ្មោះទឹកធ្លាក់ និងទីនេះកំពុងបានក្លាយជាទីកន្លែងទទួលស្គាល់ និងផ្តល់ការស្នាក់នៅរបស់អ្នកទេសចរទាំងពលរដ្ឋកម្ពុជា និងក៏ដូចជាអ្នកទេសចរបរទេស៕