(កំពង់ឆ្នាំង)៖ លោក ខាយ ឃុនហេង រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី «ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាឌីជីថល» នៅសណ្ឋាគារ សុខ ថៃសាន្ដ ខេត្តកំពង់ឆ្នាំង។
ពិធីនេះមានការអញ្ជើញចូលរួមពីសាស្រ្តចារ្យ វេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ឧត្តមសេនីយឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក យ៉ង ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង និងមន្រ្តីរាជការតំណាងមន្ទីរប្រៃសណីយ៍និងទូរគនាគមន៍ខេត្ត បណ្ដាសាខាប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ប្រមាណ ១២០រូប។
សិក្ខាសាលានេះរៀបចំក្នុងគោលបំណងដើម្បីកាត់បន្ថយ ឬទប់ស្កាត់នូវភាពអវិជ្ជមានដែលបានប៉ះពាល់ដល់ធនធានមនុស្ស, ផ្សព្វផ្សាយចំណេះដឹងការចរាចរគ្រឿងញៀន ដែលត្រូវបានលួចបង្កប់តាមបញ្ញើប្រៃសណីយ៍, ចែករំលែកបទពិសោធក្នុងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន និងបញ្ហាអេដស៍ ដើម្បីការពារខ្លួនក៏ដូចជាមានវិធានការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងនាំគ្នាយល់អំពីលទ្ធផលនៃការខ្ជីខ្ជា ឬមើលស្រាលជំងឺអេដស៍។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនដែលបានចំណាយពេលវេលា ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធថ្មីៗ ពាក់ព័ន្ធនិងជម្ងឺអេដស៍ ក៏ដូចជាបញ្ហាគ្រឿងញៀនផងដែរ។
លោកមានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាដែលបានចូលរួមនៅថ្ងៃនេះគឺជាសកម្មភាព ជាចលនា ចូលរួមបញ្ចប់ជម្ងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរគ្រឿងញៀន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យកញ្ចប់បញ្ញើក្នុងក្រុមហ៊ុនរបស់ខ្លួន៕