(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតឱ្យលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមុនលោកស្រីបញ្ចប់បេសកកម្មនៅកម្ពុជានាពេលយ៉ាងខ្លីខាងមុខនេះ។
ក្នុងជំនួបពិភាក្សានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកស្រី Alissar Chaker បានផ្តោតកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាង UNDP និងរាជរដ្ឋាភិបាលកម្ពុជា, ភាពសមស្របនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា, និងការឆ្លើយតបនឹងការប្រែប្រួលនៃសភាពការណ៍សាកល។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងការស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះ លោកស្រី Alissar Chaker ក្នុងនាមជាតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានគូសរំលេចពីកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលការងារដែលរាជរដ្ឋាភិបាលកម្ពុជា និង UNDP សម្រេចបានរួមគ្នាកន្លងមក ពិសេសលើគម្រោងគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រ, កិច្ចការពារបរិស្ថាន និងគម្រោងផ្សេងៗជាច្រើនទៀត។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ដោយសារការប្រែប្រួល និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយសាកល និងពាណិជ្ជកម្មអន្តរជាតិ កម្ពុជាចាំបាច់ត្រូវកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងចាប់យកបច្ចេកវិទ្យាដែលជាចលករនៃកំណើន ក៏ដូចជាបង្កើនផលិតភាព និងភាពធនរបស់ខ្លួន ដែលទាំងអស់នេះត្រូវបានគូសរំលេចជាគោលដៅយុទ្ធសាស្ត្រនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកស្រី Alissar Chaker បានលើកឡើងថាការងារដែល UNDP បាននិងកំពុងបំពេញជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើមូលហេតុឬសគល់នៃបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួមគ្នា។
លោកស្រីក៏វាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលលោកស្រីយល់ថាបានបង្ហាញពីមហិច្ឆតាខ្ពស់របស់រាជរដ្ឋាភិបាល ហើយផ្អែកលើបទពិសោធរបស់លោកស្រីជាមួយរាជរដ្ឋាភិបាលកម្ពុជា លោកស្រីក៏បានបង្ហាញនូវជំនឿទុកចិត្តថាកម្ពុជាអាចធ្វើបាន និងអាចសម្រេចចក្ខុវិស័យដ៏ឧត្តុង្គឧត្តមនេះ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកស្រី AlissarChaker បានពិភាក្សាអំពីភាពចាំបាច់នៃការផ្សារភ្ជាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) របស់កម្ពុជា ដើម្បីឱ្យត្រូវទៅនឹងបរិបទរបស់ប្រទេសកម្ពុជា ក៏ដូចជាស្របទៅនឹងបរិការណ៍សាកលដែលមានការវិវត្តឥតឈប់ឈរ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមជាមួយស្មារតីបុរេសកម្មរបស់លោកស្រី ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងបានជូនពរលោកស្រីជោគជ័យក្នុងបេសកកម្មថ្មីបន្ថែមទៀត៕