(សៀមរាប)៖ លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាខេត្ត នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំសហការី និងសប្បុរសជនមកពីប្រទេសម៉ាឡេស៊ី ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ (អង្ករ) ចែកជូនដល់បងប្អូនសាសនិកខ្មែរឥស្លាម ដែលកំពុងរស់នៅ និងប្រកបមុខរបរនៅលើទូក និងផ្ទះបណ្តែតទឹក ស្ថិតនៅភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោល អែល សៀត បានលើកឡើងថា សាសនិកខ្មែរឥស្លាមមានសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិសាសនារបស់ខ្លួន ដូចជាពលរដ្ឋខ្មែរដែលកាន់សាសនាព្រះពុទ្ធដែរ ខណៈដែលគ្រប់សាសនាទាំងអស់មានគោលដៅតែមួយ គឺដឹកនាំមនុស្សឲ្យប្រព្រឹត្តអំពើល្អ មានគុណធម៌ សច្ចៈធម៌។

លោកបានបន្តថា ដើម្បីឲ្យមានកិច្ចអភិវឌ្ឍន៍ និងអភិរក្សមានដំណើរការទៅដោយរលូន និងរួមចំណែកកាត់បន្ថយភាពក្រីក្រទៅបាននោះ ប្រជាពលរដ្ឋត្រូវបន្តចូលរួមគាំទ្រដល់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានថ្លែងអំណរអរគុណដល់បងប្អូនសាសនិកខ្មែរឥស្លាមទាំងអស់ ដែលតែងតែគាំទ្រចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារទាំងឡាយដល់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើង។ ជាពិសេស ផ្តល់ឱកាស និងសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាងដល់សហគមន៍ឥស្លាមនៅកម្ពុជា។

លោកបន្តថា អំណោយជាអង្ករ និងថវិកា ដែលចែកជូនដល់បងប្អូនសាសនិកខ្មែរឥស្លាម ដែលមានជីវភាពខ្វះខាតចំនួនជាង៣០គ្រួសារនេះ ទទួលបានការឧបត្ថម្ភពីសប្បុរសជននៃប្រទេសម៉ាឡេស៊ីដែល ផ្តល់តាមរយៈលោកផ្ទាល់។

លោកបានបន្តថា អំណោយដែលផ្តល់ជូននាពេលនេះ មិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់សាសនិកក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសម៉ាឡេស៊ី ក្នុងនាមសាសនិកឥស្លាមដូចគ្នា ហើយក៏ជាការចូលរួមចំណែកដ៏សំខាន់មួយ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដោះបន្ទុកដល់អ្នកដែលមានការលំបាក ហើយសកម្មភាពនេះ ក៏ជាសក្ខីភាពនៃការចែករំលែក ដែលបញ្ជាក់ពីភាតរភាពក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោក៕