(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនឃុំពោធិ៍អង្រ្គងចំនួន៣៨រូប នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន និងសូមគោរពស្នើ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដោយស្ម័គ្រចិត្ត។

សកម្មជនទាំងនេះ បានលើកឡើងថា ពួកគេលែងជឿលើនយោបាយគណបក្សប្រឆាំងទៀតហើយ ជាពិសេសទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលគឺជាអ្នកនយោបាយបំផ្លាញសេដ្ឋកិច្ចរាស្រ្ត។ ពួកគេសូមប្រកាសគាំទ្រ រាជរដ្ឋាភិបាលដែលយកបញ្ហាព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយពហិកាមិនទិញទំនិញរបស់ប្រទេសសៀមគ្រប់ប្រភេទ។

ពួកគេបានសម្តែងការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងចំពោះជាតិមាតុភូមិនាពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះការអូសទាញរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម។ ចាប់ពីពេលនេះតទៅ ពួកគេឈប់លង់ជឿតាមការញុះញង់ និងអូសទាញរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកទៀត។

ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។

ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយ បក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕