(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោក ឌួង អេលីត នាយកពិធីការកាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោក សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ ដែលទទួលមរណភាព វេលាម៉ោង ២១ម៉២៥នាទី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យប្រព្រឹត្តទៅនៅភូមិគ្រឹះលេខ៧ ផ្លូវ ២៤២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ លោក ឌួង អេលីត បាននាំនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ដែលមានខ្លឹមសារថា «ការលាចាករបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ នាពេលនេះ គឺជាការបាត់បង់អ្នកម្តាយ ម្តាយក្មេក ជីដូន ជីដូនទូត ប្រកបដោយព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រពៃ ដែលបានតស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា ផ្តល់នូវឱវាទល្អៗដល់កូន ចៅ ចៅទួត ឱ្យរស់នៅប្រកបដោយគន្លងធម៌ និងមានអនាគតរុងរឿង រហូតក្លាយជាបញ្ញាវន្ត ជាឥស្សរជនជាន់ខ្ពស់ ដែល ជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ លើសពីនេះទៅទៀត មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គឺជាពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលមានសទ្ធាជ្រះថ្លារួមចំណែកដ៏ធំធេងក្នុងការកសាងនូវសមិទ្ធផលនានា លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា»។
ក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕