(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងដោយធ្ងន់ៗថា ក្រុមចោរសៀមឈ្លានពានទឹកដី បានចូលមកឈ្លានពានរំខានដល់ Facebook របស់សម្តេចថែមទៀត។ សម្តេចតេជោ បានបញ្ជាក់ដោយការប៉ាន់ស្មានថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់៣ខែខាងមុខហើយខ្ញុំក៏អាចដឹងមុនថាជា អ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី។

តាមរយៈ Comment នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន​បានរៀបរាប់យ៉ាងដូច្នេះថា៖

ការបង្ហោះរបស់ខ្ញុំថ្ងៃនេះចង់ដឹងថា ពួកចោរឈ្លានពានវាចូលមករំខាន Facebook របៀបណាខ្លះ?

តាមរយៈការចូលមករំខានយើងអាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំ នៅក្រុងបាងកក ដើម្បីចូលមករំខាន។ ការបង្កហេតុមិនមែនគ្រាន់តែធ្វើការ ឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ រឿងនេះយើងអាចវាយតម្លៃបានគឺពួកគេកំពុង ផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។

តាមការស្មានរបស់ខ្ញុំថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខហើយខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់។ សូមពួកអ្នកប្រម៉ូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ៕