(ភ្នំពេញ)៖ ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខ ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុកក្មេករបស់សម្តេច ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៥៖៥៥នាទីល្ងាច ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិក នៃខុទ្ទកាល័យគណៈកម្មាធិការកណ្ដាល និងលោក ម៉ម សារិន សូមសម្ដែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលបំផុតជាមួយ សម្ដេចមហាមន្ត្រី គុយ សុផល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដោយឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលត្រូវជាឪពុកក្មេក បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៥៖៥៥នាទីល្ងាច ក្នុងជន្មាយុ៩០ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការសោកស្តាយជាទីបំផុតគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពរបស់ ឯកឧត្តម សុក ខា ដែលជាការបាត់បង់ឪពុកក្មេក ឪពុកបង្កើត ជីតា ជីតា ទួត បកបដោយគុណធម៌ និងជាកុលបុត្រកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានលះបង់ខ្ពស់ ចំពោះ បុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។
ខុទ្ទកាល័យគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោក សង្រេងបំផុតជាមួយ សម្ដេចមហាមន្ត្រី គុយ សុផល និងក្រុមគ្រួសារ ហើយសូមបួងសួង សូមឲ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សុកខា បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ៕