(ភ្នំពេញ)៖ ស្ដ្រីម្នាក់ឈ្មោះ ប្រាក់ ហុង បានចេញមុខសុំទោសជាសាធារណៈទៅកាន់លោកឧកញ៉ា លី គឹមហេង ម្ចាស់បុរី អេច អឹម ឡាក់គីហូម (HM LUCKY HOME) ក្រោយចោទប្រកាន់ថា កំពុងអាងអំណាចធ្វើនំអត់ម្សៅ និងធ្វើស្រែលើខ្នងរាស្រ្ត ធ្វើឲ្យរាស្រ្តរងទុក្ខទឹកភ្នែក ព្រោះតែបានទិញដីពីប្រជាពរដ្ឋមិនទាន់បានកាត់ប្លង់ផ្ទេរសិទ្ធិផង បានធ្វើការឈូសឆាយដីអស់។

ពលរដ្ឋជាង១០០គ្រួសារ បានមកចូលរួមជាតំណាងបំភ្លឺបកស្រាយរឿងនេះថា ពួកគាត់បានដោះស្រាយជាហូរហែរ ដោយឡែកតែលោកស្រី ប្រាក់ ហុង ម្នាក់ទេដែលមានការយល់ច្រឡំ ជាមួយក្រុមហ៊ុន។ ចំណែកពលរដ្ឋជាង១០០គ្រួសារ បានមកជួបក្រុមហ៊ុនធម្មតាគ្រប់ម៉ោងគ្រប់ពេលមិនដែលមានបញ្ហានោះឡើយ។

អ្នកស្រី ប្រាក់ ហុង បានលើកឡើងថា មូលហេតុដែលគាត់ចោទប្រកាន់ឧកញ៉ា លី គឹមហេង ដោយសារតែការយល់ច្រឡំ ព្រោះការនិយាយតាមសារព័ត៌មានថ្ងៃមុន ដោយសារខឹងខ្លាំងពេកមិនបានគិតវែងឆ្ងាយ ហើយគាត់បានអះអាងថា កន្លងមកគាត់ពុំដែលបានឡើងទៅជួបជាមួយលោកឧកញ៉ា លី គឹមហេង ផ្ទាល់នោះឡើយ ទើបធ្វើឲ្យមានការយល់ច្រឡំបែបនេះ។

ទាក់ទិនបញ្ហានេះ លោកឧកញ៉ា លី គឹមហេង បានពន្យល់ថា លោកបានទិញដីអ្នកភូមិខាងលើចំនួន១២០ប័ណ្ណឯណោះ ពុំមែនទិញតែដីរបស់អ្នកស្រី ប្រាក់ ហុងម្នាក់នេះប៉ុណ្ណោះទេ។ នៅក្នុងកិច្ចសន្យាទិញ លក់ដីនោះបានសន្យាទូទាត់ប្រាក់ថ្លៃដីជូនអ្នកលក់ឲ្យដាច់ត្រឹមរយៈពេល២៧ខែ (ពីរឆ្នាំបីខែ) ហើយទូទាត់ច្រើនដំណាក់កាល គឺរយៈពេល៣ខែទូទាត់ម្ដង។

លោកឧកញ៉ា លី គឹមហេង បានបន្ដទៀតថា រយៈពេលជិត២ឆ្នាំមកនេះ ក្រោយពេលទិញដីពីប្រជាពលរដ្ឋរួចរាល់អស់ ស្រាប់តែសេដ្ឋកិច្ចរបស់លោកត្រូវបានជាប់គាំងទើបមានបញ្ហាកើតឡើង គឺលោកមិនបានបោកប្រាស់រំលោភយកដីប្រជារាស្រ្តនាំឲ្យប្រជារាស្រ្តរងទុក្ខទឹកភ្នែកនោះទេ។ ក្នុងដំណាក់កាលនេះ លោកក៏បានបើកចំហរផងដែរថា ប្រសិនបើប្រជាពលរដ្ឋដែលបានលក់ដីឲ្យលោក ហើយត្រូវការថវិកា គឺត្រូវទៅជួបលោកផ្ទាល់ ឬទៅកាន់ការិយាល័យក្រុមហ៊ុនរបស់លោកដើម្បីដោះស្រាយ។ ចំណែកអ្នកស្រី ប្រាក់ ហុង មិនដែលបានទៅទំនាក់ទំនងផ្ទាល់ជាមួយរូបលោកម្ដងណាទេ។

លោកមិនបានគេចវេសពីប្រជាពលរដ្ឋ មិនព្រមទូទាត់ជូនប្រជាពលរដ្ឋនោះទេ លោកនៅតែទូទាត់នៅតែសងដដែល ប៉ុន្តែដូចលោកបញ្ជាក់ព្រោះតែកត្តាសេដ្ឋកិច្ច ទើបមានការយឺតយ៉ាវបែបនេះ ហើយនៅក្នុងកាលៈទេសៈនេះ មានប្រជាពលរដ្ឋខ្លះមិនហ៊ានទៅជួបលោក ដើម្បីដោះស្រាយទៀតផង ទើបមានការយល់ច្រឡំបែបនេះ។ ក្នុងដំណាក់កាលនេះដែរ ទ្រព្យសម្បត្តិដែលលោកមានដូចជាផ្ទះកំពុងតែសាងសង់ ឬសាង់រួច ឬរថយន្តដែលលោកកំពុងជិះជាដើម ប្រសិនបើប្រជាពលរដ្ឋត្រូវការកាត់កងជាមួយរបស់ទាំងនោះ លោកនឹងកាត់កងឲ្យតែម្ដង។

ទន្ទឹមនឹងនេះ លោកនៅមានឆន្ទៈក្នុងការដោះស្រាយ ប៉ុន្តែការដោះស្រាយនោះមិនបានដូចកិច្ចសន្យា ដែលបានធ្វើជាមួយប្រជាពលរដ្ឋឡើយ ដោយសារតែវិបត្តិសេដ្ឋកិច្ចលោកជាប់គាំងបែបនេះ។ ចំពោះអ្នកស្រី ប្រាក់ ហុង វិញកាលពីពេលថ្មីៗកន្លងទៅនេះ បានទទួលការទូទាត់ប្រាក់ពីក្រុមហ៊ុនលោក ចំនួន១១,៥០០ដុល្លាររួចហើយ ហើយនៅសប្ដាហ៍ក្រោយ ក្រុមហ៊ុននឹងផ្ដល់ជូនគាត់១០,០០០ដុល្លារបន្ថែមទៀត៕