(បាត់ដំបង)៖ លោកឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាប្រធាន «សហព័ន្ធយុវជនបូជាការពារយុត្តិធម៌» នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានដឹកនាំប្រតិភូក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
ដោយបានទទួលដំណឹងថា ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ កងទ័ពជើងគោក លោកបានទទួលមរណភាពនៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៖១៥នាទីរសៀល ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន «សហព័ន្ធយុវជនបូជាការពារយុត្តិធម៌» បានចាត់ឲ្យក្រុមការងារទៅគោរពវិញ្ញាណក្ខន្ធ និងចូលបុណ្យសពភ្លាមៗ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកឧកញ៉ា ឡេង និមល ព្រមទាំងក្រុមការងារ សូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហានទូទាំងបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅបំផុត។
មរណភាពរបស់ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម គឺជាការបាត់បង់នូវលោកឪពុក ឪពុកក្មេក និងជីតាប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ដ៏ល្អពិសិដ្ឋចំពោះកូនៗ ចៅៗ ជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នាយទាហានដ៏ល្អឆ្នើមមួយរូប នៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមចំណែកនៅក្នុងបេសកកម្មជាច្រើន ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ជារៀងរហូតមក។ ជាមួយគ្នានេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ទោ ព្រាប ឧត្តម សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនថា សពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរង យោធភូមិភាគទី៥ កងទ័ពជើងគោក បានតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាននៃសព ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕